វិភាគ៖ តើព្រឹត្តិការណ៍ថ្ងៃទី១ កុម្ភៈ នៅមីយ៉ាន់ម៉ាមានការពាក់ព័ន្ធអ្វីខ្លះជាមួយអាមេរិក និងចិនក្នុងការពង្រីកឥទ្ធិពលនៅតំបន់អាស៊ាន?

0

ដោយ៖ ប៊ី

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានព្រមានថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រឹត្តិការណ៍ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅមីយ៉ាន់ម៉ា ខណៈចិនអំពាវនវាឱ្យមានការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយជាជាងការប្រើកំលាំងយោធាបន្ទាប់លោកស្រីអ៊ុង សានស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតមកពីគណបក្សកាន់អំណាចត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃនេះ។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បាននិយាយនៅថ្ងៃចន្ទ ទី១ ខែកុម្ភៈថា ក្រុមថ្នាក់ដឹកនាំយោធាឃុំខ្លួនលោកស្រីអ៊ុង សានស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតមកពីគណបក្សកាន់អំណាចនៅថ្ងៃនេះ។

ហេតុការនេះបានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលស៊ីវិល និងយោធាដ៏មានឥទ្ធិពលដែលបង្កឱ្យមានការភ័យខ្លាចចំពោះការធ្វើរដ្ឋប្រហារដោយសារយោធាបានអះអាងថា ការបោះឆ្នោតដែលទើបនឹងបញ្ចប់កាលពីថ្មីៗនេះជាការបន្លំ។

អ្នកនាំពាក្យលោកMyo Nyunt បានប្រាប់រ៉យទ័រតាមទូរស័ព្ទថា លោកស្រីអ៊ុងសាន ស៊ូជី ប្រធានាធិបតី Win Myint និងមេដឹកនាំដទៃទៀតត្រូវបានឃុំខ្លួននាពេលព្រឹកព្រលឹមថ្ងៃនេះ។

លោកមានប្រសាសន៍ថា “ខ្ញុំចង់ប្រាប់ប្រជាជនរបស់យើងកុំឱ្យឆ្លើយតបដោយមិនមានការពិចារណា ហើយខ្ញុំចង់ឲ្យពួកគេធ្វើអ្វីស្របទៅតាមច្បាប់” ។

តំណាងរាស្រ្តគណបក្ស NLD ដែលសុំមិនបញ្ចេញឈ្មោះដោយខ្លាចមានការសងសឹកបាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនម្នាក់ទៀតគឺលោក Han Thar Myint សមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្ស។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានជំរុញឱ្យយោធាមីយ៉ាន់ម៉ាដោះលែងមន្រ្តី ដែលត្រូវបានឃុំខ្លួនរួមទាំងលោកស្រីអ៊ុងសាន ស៊ូជី និងបានព្រមានពីការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោនជុំវិញការធ្វើរដ្ឋប្រហារជាក់ស្តែង។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះ ឬរារាំងការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ហើយនឹងចាត់វិធានការប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវប្រសិនបើស្ថានការមិនត្រូវបានផ្លាស់ប្តូរ។

លោកស្រីបានបន្ថែមទៀតថា “យើងជំរុញឱ្យយោធា និងគណបក្សដទៃទៀតគោរពនូវបទដ្ឋានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងដោះលែងអ្នកដែលត្រូវបានឃុំខ្លួននៅថ្ងៃនេះ”។

លោក Zhiqun Zhu ដែលជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Bucknell នៅសហរដ្ឋអាមេរិក និងជាអ្នកជំនាញខាងគោលនយោបាយការបរទេសចិន និងកិច្ចការអាស៊ីបូព៌ា បាននិយាយថា សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនគឺជាការព្រមានដ៏ម៉ឺងម៉ាត់មួយ។

លោក Zhu ដែលបានសរសេរសៀវភៅមួយទសវត្សរ៍ដ៏សំខាន់ៈគោលនយោបាយការបរទេសចិនឆ្នាំ២០០៨-២០១៨ បានបន្ថែមថា “ចិនទំនងជានឹងជំរុញឱ្យគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ារក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយភាពខុសគ្នារបស់ពួកគេ តាមរយៈការពិភាក្សាមិនមែនប្រើប្រាស់សកម្មភាពយោធានោះទេ”។

លោក Yun Sun ប្រធានកម្មវិធីចិននៅមជ្ឈមណ្ឌលគិតនៃមជ្ឈមណ្ឌល Stimson នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានចង្អុលបង្ហាញថា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីបីសប្តាហ៍មុន ហើយទីក្រុងប៉េកាំងទំនងជាមិនពេញចិត្តនឹងព្រឹត្តិការណ៍បច្ចុប្បន្ននេះទេ (ស្ថានភាពនៅមីយ៉ាន់ម៉ា)។
លោក Sun បានលើកឡើង ដោយសំដៅទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនគាំទ្រដល់ការតភ្ជាប់រវាង មីយ៉ាន់ម៉ា និងចិន ថា“ វាច្បាស់ណាស់ថា ប្រទេសចិនគាំទ្ររដ្ឋាភិបាលគណបក្ស NLD ហើយកំពុងទន្ទឹងរង់ចាំធ្វើការជាមួយមីយ៉ាន់ម៉ានៅក្នុងអាណត្តិទី២ ជាពិសេសក្នុងការលើកកម្ពស់ច្រករបៀងសេដ្ឋកិច្ចប្រទេសចិន”។

លោក Peng Nian អនុប្រធាន និងជាសហការីនៃវិទ្យាស្ថានជាតិសិក្សាសមុទ្រចិនខាងត្បូងនៅហៃណាន បានថ្លែងថា ស្ថិរភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺជាការងារអាទិភាពសម្រាប់ប្រទេសចិន។

លោក Peng បានលើកឡើង ដោយសំដៅទៅលើផែនការដ៏មានមហិច្ឆតារបស់ទីក្រុងប៉េកាំងក្នុងការជំរុញពាណិជ្ជកម្ម និងការតភ្ជាប់ពិភពលោកថា “វាគឺជាលក្ខខណ្ឌដ៏ធំបំផុតសម្រាប់គម្រោងគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវជាច្រើននៅក្នុងប្រទេស ជាពិសេសផ្លូវរបៀងសេដ្ឋកិច្ច ដែលបានសាងសង់ជាមួយប្រទេសមីយ៉ាន់ម៉ា”។

ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី១ ខែកុម្ភៈនេះ ខ្សែទូរស័ព្ទទៅកាន់ទីក្រុងណៃពិដោមានដំណើរការរអាក់រអួលនៅព្រឹកថ្ងៃចន្ទនេះ។ សភាគ្រោងនឹងចាប់ផ្តើមធ្វើការនៅទីនោះនាថ្ងៃចន្ទបន្ទាប់ពីគណបក្ស NLD បានឈ្នះការបោះឆ្នោតនៅក្នុងការភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា MRTV បាននិយាយថា វាមានបញ្ហាបច្ចេកទេស ហើយមិនអាចផ្សព្វផ្សាយបានទេ។

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនបាននិយាយថា “ដោយសារតែការលំបាកក្នុងការប្រាស្រ័យទាក់ទងនាពេលបច្ចុប្បន្ននេះ យើងសូមជម្រាបប្រាប់អ្នកដោយគោរពថា កម្មវិធីរបស់វិទ្យុ MRTV និងវិទ្យុមីយ៉ាន់ម៉ាមិនអាចត្រូវបានចាក់ផ្សាយបានទេ”។

មានសេចក្តីរាយការណ៍ផងដែរថា ការភ្ជាប់ទិន្នន័យតាមទូរស័ព្ទចល័ត និងសេវាកម្មទូរស័ព្ទមួយចំនួនត្រូវបានរំខាននៅក្នុងទីក្រុងយ៉ាំងហ្គោនរបស់មីយ៉ាន់ម៉ា។

អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពលោកស្រីអ៊ុងសាន ស៊ូជី អាយុ៧៥ឆ្នាំ បានឡើងកាន់អំណាចបន្ទាប់ពីជ័យជម្នះនៃការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅឆ្នាំ២០១៥ បន្ទាប់ពីការឃុំខ្លួនក្នុងផ្ទះអស់ជាច្រើនទសវត្សនៅក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើឱ្យលោកស្រីក្លាយជានិមិត្តរូបអន្តរជាតិ។

កេរ្តិ៍ឈ្មោះអន្ដរជាតិរបស់លោកស្រីត្រូវបានខូចខាតបន្ទាប់ពីជនជាតិរ៉ូហ៊ីងយ៉ារាប់រយរាប់ពាន់នាក់បានភៀសខ្លួនចេញពីប្រតិបត្តិការកងទ័ពចូលទៅជ្រកពីរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧ ប៉ុន្តែលោកស្រីនៅតែមានប្រជាប្រិយភាពខ្លាំងនៅមីយ៉ាន់ម៉ា។

គណបក្ស NLD បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំមុន លើគណបក្សដែលគាំទ្រដោយយោធា។ យោធាមីយ៉ាន់ម៉ាបាននិយាយ កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងការពារ និងគោរពរដ្ឋធម្មនុញ្ញ និងអនុវត្តតាមច្បាប់ បន្ទាប់ពីការអត្ថាធិប្បាយកាលពីដើមសប្តាហ៍នេះ បានបង្កើនការភ័យខ្លាចចំពោះការធ្វើរដ្ឋប្រហារ។

គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ាបានច្រានចោលការចោទប្រកាន់របស់យោធាអំពីការលួចបន្លំសន្លឹកឆ្នោត ដោយនិយាយថា មិនមានកំហុសអ្វីធំដុំទេ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃការបោះឆ្នោត។

រដ្ឋធម្មនុញ្ញបានរក្សាអាសនៈ២៥ភាគរយ នៅក្នុងសភាសម្រាប់យោធា និងគ្រប់គ្រងក្រសួងសំខាន់ៗចំនួន៣ នៅក្នុងរដ្ឋបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី៕

LEAVE A REPLY

Please enter your comment!
Please enter your name here