ដោយ : គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បានអះអាងថា រហូតមកទល់ពេលនេះអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម(facebook) កើនដល់១០លាននាក់ និងអ្នកប្រើប្រាស់សេវាInternetកើនឡើងដល់១៦លាននាក់នៅទូទាំងប្រទេស។
លោកជា វ៉ាន់ដេតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៍បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា នៅទូទាំងប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួនប្រមាណជាង២០លានស៊ីមកាត និងអ្នកប្រើប្រាស់គណនីហ្វេសប៊ុក (Facebook) សរុបប្រមាណជាង១០លានគណនី ខណៈក្រសួងបាននិងកំពុងប្រែក្លាយទៅជាក្រសួងនាំមុខខាងផ្នែកឌីជីថលនាឆ្នាំក្រោយនេះ។
លោករដ្ឋមន្រ្តីបន្តថា “ខ្ញុំនឹងដឹកនាំក្រសួងនេះឈានមុខគេលើផ្នែកបច្ចេកវិទ្យាឌីជីថល ពោលកម្ពុជានឹងឈប់ប្រើប្រាស់ក្រដាសដោយនឹងប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ដើម្បីជាជំនួយ និងការងារប្រចាំថ្ងៃ”។
ការងារទាំងនោះមានដូចជា ការចុះហត្ថលេខា និងការសម្រេចចិត្តនានាតាមរយៈឌីជីថលជំនួសវិញ។ ក្នុងនោះដើម្បីសម្រេចបានគោលដៅក្រសួងបានរៀបចំអភិវឌ្ឍន៍នូវគម្រោង២១ ដោយភាគច្រើនជាថវិការបស់ក្រសួង បានមកពីការសន្សំសំចៃ ហើយ២១គម្រោងនេះ មានគម្រោងខ្លះនឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ ហើយគម្រោងខ្លះទៀតបានដាក់ឱ្យប្រើប្រាស់សាកល្បង ដោយនឹងបន្តអភិវឌ្ឍរហូតដល់ខែមករា ឆ្នាំ២០២២ខាងមុខ ក្រសួងនឹងប្រកាសថាជាក្រសួងឌីជីថល។
លោកជា វ៉ាន់ដេត បានលើកឡើងថា នៅពេលដែលយើងទទួលបានជោគជ័យ គឺយើងនឹងគិតគូរពិចារណាថា តើក្រសួងណាដែលចង់ឱ្យក្រសួងប្រៃសណីយ៍ជួយក្នុងការជំរុញប្រើប្រាស់ឌីជីថលនេះ យើងនឹងជួយ។ យើងរៀបចំយន្តការឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តគម្រោង ឌីជីថល នៅក្រសួងប្រៃសណីយ៍ ដើម្បីធានាថាគម្រោងទាំងអស់ដាក់ឱ្យប្រើប្រាស់គឺមានចរន្តភាពជារៀងរហូត ពោលមិនឱ្យប្រើហើយដាច់ទៅវិញ ឬបរាជ័យទៅវិញនោះទេ៕