ស្ថាប័នទេសចរណ៍អាស៊ានដាក់ចេញយុទ្ធសាស្រ្តចំនួន៦ដើម្បីស្តារវិស័យនេះឡើងវិញ

0

ដោយ : គង់ សូរិយា

ភ្នំពេញៈ ដើម្បីស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងវិធាននានាសម្រាប់ជំរុញ និងទាក់ទាញទេសចរក្នុងតំបន់អាស៊ាន និងប្រទេសដៃគូអាស៊ាន ស្ថាប័នជាតិទេស​ចរណ៍អាស៊ានបានពិភាក្សាគ្នា និងដាក់ចេញនូវវិធានការណ៍សំខាន់ៗចំនួន៦។

កិច្ចប្រជុំកាលពីថ្ងៃម្សិលម៉ិញនេះ ដឹកនាំដោយលោកថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសច​រណ៍អាស៊ានលើកទី៥៣ និងអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហ​ប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍ អាស៊ានលើកទី៥៣តាមប្រព័ន្ធវីដេអូខនហ្វើរិន។

ស្ថាប័នពាក់ព័ន្ឋដែលចូលររួមក្នុងកិច្ចប្រជុំនេះបានផ្តោត លើរបៀបវារៈចំនួន៦រួមមាន ទី១ ការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥។ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ (COVID-19) របស់ក្រសួងទេសចរណ៍កម្ពុជាបានគ្របដណ្តប់ នៅក្នុងផែន​ការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ផងដែរ។

ទី២ ការៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញនៅក្រោយវិបត្តិកូវីដ-១៩ ដែលនឹងគ្រោងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ (ដឹកនាំដោយកម្ពុជា) ទី៣ ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ប្រទេសសមាជិកអាស៊ានមានការគាំទ្រការបណ្តុះបណ្តាលជំនាញ ទេសចរណ៍អាស៊ានតាមអនឡាញ ស្របតាមប្រព័ន្ធគុណវុឌ្ឍអាស៊ាន ហើយបានគាំទ្រក្រសួងទេសចរណ៍កម្ពុជា ក្នុងការដាក់ចុះនូវកម្មវិធីបណ្តុះបណ្តាលអនឡាញ តាមកម្មវិធីសិក្សាអាស៊ាន (ASEAN MRA E-Learning)។

ទី៤ ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ អាស៊ាននឹងដាក់ចេញឯកសារមគ្គុទ្ទេសក៏ ស្តីពីការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន។ ទី៥ ការរៀបចំឲ្យមានគំនិត ផ្តួចផ្តើមរួម ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងAIដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍អាស៊ាន ស្របតាមសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីទេសចរណ៍ឌីជីថល ដែលបានដាក់ចុះដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ និងទី៦ ពិភាក្សា និងពិនិត្យលទ្ធភាព ធ្វើដំណើរតាមច្រករបៀងអាស៊ាន ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ស្របពេលជាមួយអាស៊ានកំពុងពិនិត្យមើលប្រសិទ្ធភាពវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងគោលបំណងបង្កើតភាពជឿជាក់ និងទំនុកចិត្តដល់ទេសចរណ៍ក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំដំបូងនេះមានការចូលរួមពីថ្នាក់អគ្គនាយកទេសចរណ៍អាស៊ាន លេខាធិការដ្ឋានអាស៊ាន ក្រសួងសុខាភិបាល ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រសួងមហាផ្ទៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មជ្ឍមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ អង្គការទេសចរណ៍ពិភពលោក សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (VISA, Agoda and Google….) ដែលមានសមាសភាពប្រមាណ ៣០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here