ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន​សម្រេចបាន​ប្រមាណ ២០១០លាន​ដុល្លារ

0

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា-ជប៉ុន​សម្រេចបាន​ប្រមាណ២០១០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ១,១៣១ លាន​ដុល្លារ និង​ជប៉ុន​នាំចូល​មកវិញ ក្នុង​ចំនួន​ទឹកប្រាក់​ជាង ៨៧៩លាន​ដុល្លារ។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ការតាំង​បង្ហាញ​ទំនិញ​ជប៉ុន “Good Goods Japan ២០២១” នៅ​ថ្ងៃទី៣ ខែកុម្ភៈ​នេះ​ថា គិត​ត្រឹម៦ខែ​ដើមឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន សម្រេចបាន​ប្រមាណ៨៤១លាន​ដុល្លារ។

លោក​បន្ថែមថា ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​មាន ដូចជា ផលិតផល​សម្លៀកបំពាក់​កាត់ដេរ ស្បែកជើង គ្រឿង​សង្ហា​រឹម គ្រឿងសំអាង ក្រដាស សម្ភារៈ​ការិយាល័យ ស្បែក​និង​ផលិតផល​ធ្វើ​អំពី​ស្បែក និង​ដែក ។ល។ ទំនិញ​ដែល​នាំចូល​ពី​ជប៉ុន រួមមាន គ្រឿង​ម៉ាស៊ីន រថយន្ត សាច់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច សង្ហា​រឹម ក្រដាស កប្បាស ក្រណាត់​គ្រប់​ប្រភេទ ផលិតផល​ផ្លា​ស្ទីក សម្ភារៈ​កីឡា និង​គ្រឿង​បន្ទាប់បន្សំ ជាដើម។

លោក​បន្តថា “ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន​កើតឡើង​តាំងពី​ឆ្នាំ១៩៥៣មកម្ល៉េះ រហូតមកដល់​ឆ្នាំ២០១៣ កន្លងទៅ​កម្ពុជា និង​ជប៉ុន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយគ្នា។លោក​បន្តថា “ជប៉ុន​បាន​ជួយ​ជ្រោមជ្រែង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាមរយៈ​ការស្តា​ឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បណ្តុះបណ្តាល​ធនធានមនុស្ស ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និង​វិនិយោគ​ជាដើម” ។

ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច​រវាង​អាស៊ាន និង​ជប៉ុន ជប៉ុន បានរៀបចំ​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច៨៧គម្រោង ក្នុងនោះ៥៨គម្រោង សម្រាប់​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម លើ​វិស័យ​កសិកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ធានា​គុណភាព​ទំនិញ ជំរុញ​វិនិយោគ កសាង​បរិយាកាស អាជីវកម្ម បរិស្ថាន កសាង​សមត្ថភាព​មន្ត្រីរាជការ ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ក្រីក្រ។

ចាប់តាំងពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៨  គម្រោង​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា មាន​ចំនួន១៣៧គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន២,៤៨៦ លាន​ដុល្លារ។ ក្នុង​ឆ្នាំ២០១៩ ជប៉ុន​វិនិយោគ​មាន៦គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន២៩៩លាន​ដុល្លារ ក្នុងនេះ គម្រោង​សាងសង់​ផ្សារ AEON Mall 3 មាន ទុនវិនិយោគ រហូតដល់២៨៩.៦លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ២០២០ មាន១គម្រោង ដែលមាន​ទឹកប្រាក់​ចំនួន ៧.១៧លាន​ដុល្លារ ភាគច្រើន គឺ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាវិត នាង​កុក ប៉ោយប៉ែត និង​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here