សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដំបូងនៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ បន្ទាប់ពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូស ក្នុងដំណាក់កាលទីមួយជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងចំណោម១លានដូល ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយថ្ងៃថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំបានទទួលដំណឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១”។

សម្ដេចតេជោបន្ដថា “ដូចការប្រកាសរបស់សម្ដេចកន្លងទៅហើយថា ពេលវ៉ាក់សាំងពេលមកដល់ សម្ដេចនឹងទៅទទួល។ ឥឡូវនេះត្រូវរៀបចំការទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានវត្តមានរបស់ខ្ញុំ និងមានឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្ដេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏នឹងចូលរួម។ ដូច្នេះត្រូវរៀបចំពិធីទទួលនៅទីនោះ ហើយអាចនឹងមានសុន្ទរកថាខ្លីមួយរវាងភាគីទាំងសងខាង”។

សម្ដេចតេជោក៏បានជំរុញឱ្យក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ រៀបចំកិច្ចការងារនេះ។ សម្ដេចតេជោបន្ថែមថា បន្ទាប់ពីបានទទួលវ៉ាក់សាំងហើយ គឺគណៈកម្មការវ៉ាក់សាំង ត្រូវធ្វើនីតិវិធីដាក់ឱ្យប្រើ ប្រាស់វ៉ាក់សាំងស៊ីណូហ្វាម ដូចប្រទេសនានា ដែលគេអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូ ហ្វាមនេះដែរ ហើយកំណត់យកតែម្ដង គឺថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំថ្ងៃពុធ មុនចូល ឆ្នាំចិន ដើម្បីធ្វើពិធីចាក់វ៉ាក់សាំងដំបូង ដោយមានការផ្សាយបន្តផ្ទាល់ និងសន្និសីទកាសែត របស់នាយករដ្ឋមន្ត្រីតែម្ដង។

សម្ដេចតេជោលើកឡើងថា “ខ្ញុំមិនអាចត្រូវរង់ចាំថា ឱ្យក្រុមគ្រូពេទ្យរបស់យើងទទួលវ៉ាក់សាំងមុនសិននោះទេ ព្រោះមុនក្រោយគង់តែទទួលវ៉ាក់សាំងដូចគ្នា។ ដូច្នេះខ្ញុំនឹងទទួលវ៉ាសាំងនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រៅពីខ្ញុំ យើង អាចចុះឈ្មោះនៅមន្ត្រីជាន់ខ្ពស់របស់យើងមួយចំនួន ក្នុងការិយាល័យនយោបាយ ក្នុងរាជរដ្ឋាភិបាល ថាតើប៉ុន្មាននាក់ត្រូវចាក់នៅកន្លែងនោះ គឺមិនត្រូវរង់ចាំទេ។ ដូចដែលខ្ញុំបានបញ្ជាក់ហើយថា នេះវាជាទំនិញយុទ្ធសាស្ត្រ ហើយវាបានក្លាយជាបញ្ហានយោបាយក្នុងស្រុកផង នយោបាយក្រៅប្រទេសផង។ ដូច្នេះយើងត្រូវប្ដូរផ្ដាច់ធ្វើការងារនេះឱ្យបាន ដោយដណ្ដើមពេលវេលា”។

សម្ដេចតេជោបានបន្ថែមទៀតថា លទ្ធភាពដែលថាកម្ពុជាទទួលបានវ៉ាក់សាំងទីបី បន្ទាប់ពីប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហើយមកដល់កម្ពុជា គឺមេដឹកនាំប្រទេសទាំងបីនេះទទួលបានមុនគេ។ សម្ដេចតេជោបានឱ្យដឹងដែរថា គ្រូពេទ្យដែលត្រូវចាក់វ៉ាក់សាំងឱ្យសម្ដេចគឺអាចនឹងចាក់វ៉ាក់សាំងឱ្យអ្នកដទៃទៀតបាន នៅក្នុងដំណើរការនៃការចាក់វ៉ាក់សាំងលើកដំបូងនេះ។ ដូច្នេះសូមត្រៀមរៀបចំឱ្យគ្រប់លក្ខណៈសម្បត្តិទាំងអស់ ហើយអ្នកដែលត្រូវទទួលបន្ទុកចាក់វ៉ាក់សាំងឱ្យមេដឹកនាំរបស់យើង ត្រូវហ្វឹកហាត់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា “វាមិនជាការលំបាកអ្វីនោះទេ ព្រោះប្រទេសរបស់យើង ធ្លាប់បានចាក់វ៉ាក់សាំងឱ្យកុមាររាប់លាននាក់ទៅហើយ តែត្រូវរៀនសូតពីក្រុមគ្រូពេទ្យចិនដែលមកជួយហ្វឹកហាត់ ពីបទពិសោធន៍នានាក្រោយការចាក់វ៉ាក់សាំង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here