អ្នកជិះកង់៣៥១នាក់បានចូលរួមព្រឹត្តិការណ៍ជិះកង់កំសាន្តនៅតំបន់ឆ្នេរ

0

ដោយៈគង់ សូរិយា

ព្រះសីហនុៈ កម្មវិធី “ជិះកង់នៃក្ដីស្រឡាញ់” លើកទី១ នៅក្រុងព្រះសីហនុបានបិទបញ្ចប់ហើយ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីសរុប៣៥១នាក់ មកពី៥ប្រទេស។

ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រៀបចំឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

លោកបណ្ឌិតថោង ខុន បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ទោះបីនៅតូច តែវាពិតជាបានបង្ហាញនូវការចាប់ផ្តើមសាកល្បងជាបណ្តើរៗ នូវការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តូចៗ ដែលគោរពអនុវត្តន៍តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ហើយដែលអាចជាការចាប់ផ្តើមនូវការបង្ហាញ និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍មួយ ដែលប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍន៍ដ៏ល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបន្ដថា “ខ្ញុំគិតថា ថ្ងៃនេះកីឡាករទាំងអស់ ក៏ដូចជាប្រជាជនយើងទូទាំងប្រទេស ពិតជាមានមោទនភាពណាស់ ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ទីក្រុងព្រះសីហនុរបស់យើង ដែលជាទីក្រុងដ៏ចំបងមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះ នាទិសនិរតី”។ លោកបន្តថា “រាជរដ្ឋាភិបាល បានដាក់ទុនយ៉ាងច្រើនដើម្បីអភិវឌ្ឍន៍ទីក្រុងនេះ ដើម្បីបង្កើនការទាក់ទាញ អ្នកវិនិយោគ និងទេសចរអោយមកលេងខេត្តនេះបានកាន់តែច្រើនថែមទៀត ដែលរាជរដ្ឋាភិបាលបានកំណត់ថា ជាប៉ូលសេដ្ឋកិច្ចពហុបំណងរបស់ប្រទេសជាតិ”។

ទន្ទឹមជាមួយគ្នានេះ លោកគួច ចំរើន ក្នុងនាមម្ចាស់ផ្ទះបានចាត់ទុកព្រឹត្តិការណ៍ជិះកង់នេះ គឺជាការបំផុសចលនាឲ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវកាយ ផ្លូវចិត្ត ដែលការជិះកង់នេះ ធ្វើឲ្យសរសៃសាច់ដុំ ផ្លូវដង្ហើមមានភាពរឹងមាំ និងសុខភាពល្អ ។ លោកថា ទោះបីព្រឹត្តិការណ៍នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់ ប៉ុន្ដែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាជាមួយនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សម្រាប់វិញ្ញាសាប្រកួត នៃព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» នេះ គឺមាន ៣ រួមមានវិញ្ញាសាអ្នកជិះកង់អាជីពចម្ងាយ ៤០គីឡូម៉ែត្រ វិញ្ញាសាប្រភេទ Fun Ride គឺជាការជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មីចម្ងាយ ២៥គីឡូម៉ែត្រ និងវិញ្ញាសា Family Couple Ride ជិះកង់ជាក្រុមគ្រួសារ និងមិត្តភ័ក្ដ្រចម្ងាយ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងតំបន់ឆ្នេរសមុទ្រ នៃក្រុងព្រះសីហនុ ។ ចំពោះអ្នកចូលរួម គឺមានពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្ដាល រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ព្រមទាំងជនបរទេស ដូចជាឥណ្ឌា ចិន ថៃ ហ្វីលីពីន និងអង់គ្លេសជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here