ដោយ គង់ សូរិយា
ភ្នំពេញ៖ ការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិបានធ្វើឲ្យទំហំផ្សារទំនើបនៅកម្ពុជាកើនដល់៣៧ម៉ឺនម៉ែត្រការ៉េនៅដំណាច់ឆ្នាំនេះ ខណៈចំនួនផ្សារទំនើបថ្មីៗចំនួន១៣បាននិងដាក់ចូលនិងត្រៀមចូលទីផ្សារនេះនៅឆ្នាំនេះ។
គិតត្រឹមដំណាច់ឆ្នាំមុនផ្សារទំនើប២២ម៉ឺនម៉ែត្រការ៉េបានបញ្ចប់ ហើយទំហំផ្សារចំនួន១៤៧,៧៧៨ម៉ែត្រការ៉េរំពឹងនឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៨ មិថុនានេះថា បច្ចុប្បន្ននេះការវិនិយោគទៅលើទីតាំង លក់រាយនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដោយក្នុងឆ្នាំនេះ និងមានទីតាំងលក់រាយប្រហែល១១នឹងបើកដំណើរការ ក្នុងចំណោមផ្សារទំនើបចំនួន១៣ទីតាំង។
អ្នកនាងបន្តថា “ ការកើនឡើងដ៏ឆាប់រហ័សនាពេលនេះ គឺដោយសារប្រាក់ចំណូលរបស់ប្រជាជន ខ្មែរកើនឡើងស្របពេលដែលតម្រូវការកន្លែងកម្សាន្ត និងសម្ភារប្រើប្រាស់ទំនើបៗកើនឡើងផងដែរ”។
ទីតាំងផ្សារទំនើប ដែលគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំនេះ រួមមាន ដូចជា Midtown Community Mall, The Bridge Commercial, Downtown 93, The Park, Noro Mall, Prince Central Plaza, ជាដើម។
យោងតាមរបាយការណ៍របស់ CBRE Cambodia ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានលើកឡើងថា គិតត្រឹមដំណាច់ឆ្នាំនេះ នៅកម្ពុជានឹងមានទីតាំងលក់រាយប្រហែល២៩ ភាគរយស្ថិតក្នុងខណ្ឌសែនសុខ។ ២៦ភាគរយ ក្នុងខណ្ឌចំការមន ១៩ ភាគរយក្នុងខណ្ឌទួលគោក។ ១៣ភាគរយក្នុងខណ្ឌច្បារអំពៅ៦ភាគរយ ក្នុងខណ្ឌដូនពេញ និងខណ្ឌមានជ័យ និង១ភាគរយក្នុងខណ្ឌ៧មករា។
បច្ចុប្បន្ននេះ មានគម្រោងសាងសង់ ទីតាំងលក់រាយជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ដែលមានដូចជា PH Eco Mall និង Diamond Peng Hourt Mall ដែលវិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍន៍បុរីប៉េងហួតគ្រុប។
ទោះជាវិនិយោគលើគំរោងផ្សារទំនើប The Bridge Commercialខ្លួនឯងក្តី ក៏លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Land Group បានថ្លែងថា វត្តមានផ្សារទំនើបកាន់តែច្រើននៅរាជធានីភ្នំពេញ ជារឿងល្អ ប៉ុន្តែផលិតផលដែលមានស្លាកសញ្ញាឬប្រេនល្បីៗ មិនទាន់ជោគជ័យទេនៅកម្ពុជា វាត្រូវការរយៈពេល៥ទៅ១០ឆ្នាំទៀត ប៉ុន្តែដោយសារវាជាម៉ាកសញ្ញាធំៗ ក្រុមហ៊ុនទាំងនោះមិនខ្វល់ពីប្រាក់ចំណេញទេ អ្វីសំខាន់គឺពួកគេពង្រីកេរ្ត៍ឈ្មោះ ឬម៉ាកសញ្ញារបស់ខ្លួន។
លោកបន្តថា “អ្នកមានជីវភាពធូរធារក្នុងស្រុក នៅតែធ្វើដំណើរទៅបរទេស ដើម្បីទិញទំនិញម៉ាកល្បីៗ ដូចគ្នានឹងប្រទេសវៀតណាម ដែលមានម៉ាកទំនិញល្បីៗតែមិនទាន់មានការគាំទ្រពីអ្នកមានក្នុងស្រុកនៅឡើយ”៕