ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសវៀតណាមមានសេដ្ឋកិច្ចលូតលាស់យ៉ាងលឿន និងត្រូវបានស្ថាប័នអន្តរជាតិវាយតម្លៃថា ប្រទេសដែលមានប្រជាជនជាង៩០លាននាក់នេះ នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយនៅក្នុងពិភពលោកត្រឹមឆ្នាំ២០៣០ខាងមុខ។
ប្រទេសនេះកំពុងបង្អួតនូវកិត្យានុភាពរបស់ខ្លួន តាមរយៈការសាងសង់អាគារខ្ពស់ៗជាច្រើន ក្នុងទសវត្សរ៍ចុងក្រោយនេះ ជាក់ស្តែងថ្ងៃនេះ www.propertyarea.asia សូមនាំលោក អ្នកទៅស្វែងយល់ពីអាគារដ៏ខ្ពស់មួយនៅទីក្រុងហូជីម៉ិញ ដែលជាទីក្រុងសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំរបស់ប្រទេសនេះ។
អគារ Bitexco Financial Tower គឺជាអគារខ្ពស់កប់ពពកមួយស្ថិតនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសាងបញ្ចប់នៅក្នុងឆ្នាំ២០១០ ដែលក្លាយជាអគារខ្ពស់ជាងគេ ក្នុងប្រទេសវៀតណាមនៅពេលនោះ រហូតដល់ឆ្នាំ២០១១។អគារនេះមានកំពស់២៦២.៥ ម៉ែត្រស្មើនឹង៦៨ ជាន់ដោយរាប់ពីជាន់ផ្ទាល់ដីឡើងទៅ ដែលធ្វើអោយអគារនេះខ្ពស់លំដាប់ទី៤នៅក្នុងក្រុង និងខ្ពស់លំដាប់ទី២៦៣ នៅលើពិភពលោកនៅក្នុងឆ្នាំ ២០១៨នេះ។
អគារនេះ គ្រប់គ្រងដោយក្រុមហ៊ុន Bitexco Group ដោយផ្តោតលើការអភិវឌ្ឍន៍លើអចលនទ្រព្យ និងជាក្រុមហ៊ុនសហការឧស្សាហកម្មចម្រុះរបស់វៀតណាម។ អគារនេះ អាចនិយាយបានថា ជាមូលដ្ឋានការិយាល័យ នៅកណ្តាលទីក្រុងហុជីមិញរបស់ក្រុមហ៊ុន Bitexco Group ខណៈដែលមានការិយាល័កណ្តាលមួយផ្សេងទៀត ស្ថិតនៅក្នុងទីក្រុងហាន់ណូយ។
អគារខ្ពស់កប់ពពកនេះ រចនាគូប្លង់ដោយ លោក Carloz Zapata ជាប្រធានក្រុមអ្នកគូប្លង់ និងជាស្ថាបនិកក្រុមហ៊ុន Carlos Zapata Studio ដោយសហការជាមួយក្រុមហ៊ុនបារំាង AREP ជាក្រុមហ៊ុនដែលបានជាប់កំណត់ត្រាផ្នែកស្ថាបត្យកម្ម។ វិចិត្រករ Zapata កើតក្នុងប្រទេសវេណេស៊ូអីឡា ប៉ុន្តែបានមករស់នៅក្នុងទីក្រុង បូរីញូវយ៉ក។
អគារនេះត្រូវបានសារព័ត៌មាន CNN ប្រសិទ្ធនាមថា ជាសំណង់អគារអស្ចារ្យបំផុតក្នុងចំណោមសំណង់អគារខ្ពស់កប់ពពកទាំង២៥នៅលើពិភពលោក។ នៅឆ្នាំ២០១៥ អគារនេះ ត្រូវបានគេហទំព័រព័ត៌មាន ប្រសិទ្ធិនាមទៀត អគារ Bitexco Financial Tower គឺជាស្ថាបត្យកម្មកំពូលក្នុងពិភលោក។ បន្ថែមពីនេះ អគារខ្ពស់កប់ពពកដ៏អស្ចារ្យនេះទទួលបានពានរង្វាន់ Excellence in structure engineering Awards 2011។
អគារ Bitexco Financial Tower ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលប្រើប្រាស់រួមខ្នាតអន្តរជាតិ រួមមាន ការិយាល័យជួល លក់ និងកន្លែងសំដែងសិល្បៈផ្សេងៗ ព្រមទាំងមានកន្លែងមើលទេសភាពទីក្រុងផងដែរ៕