រដ្ឋាភិបាលហ្វីលីពិននឹងនាំក្រុមហ៊ុនមួយចំនួនមកវិនិយោគជាដៃគូនៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសហ្វីលីពីនតាមរយៈឯកអគ្គរដ្ឋទូតហ្វីលីពិនប្រចាំនៅកម្ពុជាបានប្រកាសពីគោលបំណងរបស់ខ្លួនក្នុងការនាំយកក្រុមហ៊ុនពីប្រទេសរបស់ខ្លួនមកវិនិយោគនៅកម្ពុជាក្នុងវិស័យកសិឧស្សាហកម្ម ជាពិសេសលើផ្នែកផលិតកម្មស្រូវអង្ករ។

លោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា រដ្ឋាភិបាលហ្វីលីពិន បានទទួលស្គាល់រួចហើយនូវក្រុមហ៊ុនមួយចំនួនដែលរកស៊ីលើវិស័យស្រូវអង្ករ ហើយលោកស្រី បានអះអាងថា នឹងណែនាំក្រុមហ៊ុនទាំងនេះឱ្យសិក្សាវិនិយោគលើវិស័យស្រូវអង្ករនេះនៅកម្ពុជា។

លោកស្រី បានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ធ្វើពាណិជ្ជកម្មស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះមកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ បានបង្ហាញពីការគាំទ្រទៅលើគម្រោងនៃការនាំយកក្រុមហ៊ុនវិនិយោគមកកាន់កម្ពុជា ជាមួយនឹងការស្នើដល់ភាគីហ្វីលីពីន ពិនិត្យមើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀរគរធុរជនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន ដូចជាបង្កើតរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសាកលលោក។

បន្ថែមពីនេះលោកក៏បានស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្មដទៃទៀតពីកម្ពុជារួមមាន៖ ដំឡូងមី ពោត និងផលិតផលសក្ដានុពលសំខាន់ៗផ្សេងទៀតទៅកាន់ទីផ្សារហ្វីលីពីន។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា និងហ្វីលីពិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានអញ្ជើញភាគីហ្វីលីពីន ចូលរួមនូវកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជា ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here