ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងវិស័យអចលនវត្ថុកម្ពុជា នាពេលបច្ចុប្បន្ននេះ បើទោះបីជាមានការរីកចម្រើន និងមានអាយុកាលរាងយូរបន្តិចហើយក្តី ក៏ប៉ុន្តែវិស័យនេះ នៅតែមានអ្នករកស៊ីមិនត្រឹមត្រូវមានចំនួនច្រើនដដែល ជាពិសេសនោះ គឺអ្នកបើករកស៊ីដោយមិនមានច្បាប់ទម្លាប់ មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
អ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា បានលើកឡើងថា នៅពេលប្រទេសកាន់តែរឹតត្បឹតនូវច្បាប់ទម្លាប់ អ្នករកស៊ីគ្មានអាជ្ញាប័ណ្ណ រកស៊ីគ្មានច្បាប់ទម្លាប់ នឹងកាន់តែពិបាក ដោយបច្ចុប្បន្នបញ្ហាប្រឈមរបស់ពួកគេ បានកើតឡើងបណ្ដើរៗហើយផដែរ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក KW Cambodia និងក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេតបានឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលរដ្ឋាភិបាលចាប់ផ្ដើមរឹតបន្តឹងច្បាប់ ទម្លាប់នៃការធ្វើមុខជំនួញ ក្នុងវិស័យអចលនទ្រព្យ អ្នកដែលមានឱកាសរីកធំធាត់បាន គឺអ្នកដែលមានច្បាប់ មានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ហើយអ្នកដែលរកស៊ីបែបឆក់កណ្ដៀតអាចនឹងមានបញ្ហាប្រឈម ហើយនឹងអាចក្ស័យធន់ផងដែរ។
លោកបានថ្លែងថា “បច្ចុប្បន្ននេះខ្ញុំមើលឃើញថា វាជាឱកាសសម្រាប់អ្នករកស៊ីដែលស្របច្បាប់ ប៉ុន្តែវាជាបញ្ហាប្រឈមសម្រាប់អ្នករកស៊ីមិនស្របច្បាប់។ នៅពេលច្បាប់កាន់តែតឹងរ៉ឹង អ្នករកស៊ីដែលត្រឹមត្រូវគេនឹងរីកចម្រើន ហើយអ្នករកស៊ីមិនត្រឹមនឹងមានបញ្ហប្រឈមកាន់តែធ្ងន់” ។
លោកបគីម ហ៊ាងបានបន្តថា បច្ចុប្បន្ននេះ នៅពេលយើងជួបបញ្ហានឹងកូវីដ១៩ ទីផ្សារអចលនទ្រព្យ ក៏មានការប្រែប្រួលដែរជាក់ស្ដេង ក្នុងវិស័យខុនដូ ពីមុនគេសំដៅលើអតិថិជនបរទេសជាអ្នកទិញខុនដូ តែនៅពេលកូវីដ១៩ ផ្ទុះឡើង ជនបរទេសក៏អត់បានធ្វើដំណើរនិងមកប្រទេសកម្ពុជា ដូច្នេះអ្នកទិញ ខុនដូ ជាជនជាតិខ្មែរវិញ ប៉ុន្តែបើទោះបីជាខុនដូមានទីផ្សារឬមិនមានទីផ្សារ បើសិនជារកស៊ីមិនមានអាជ្ញាប័ណ្ណ មិនបានបង់ពន្ធពួកគាត់នឹងត្រូវបរាជ័យហើយធ្ងន់ធ្ងរទៀតផង ព្រោះថាប្រជាជនកម្ពុជាបច្ចុប្បន្ននេះ គឺមានការយល់ដឹងច្រើន មុននឹងសម្រេចចិត្តទិញខុនដូឬអចលនទ្រព្យណាមួយ ។
វាមិនមែនតែខុនដូទេ និយាយរួមគឺវិស័យអចលនទ្រព្យទាំងមូល រួមមានដីឡូត៏ ផ្ទះល្វែង វីឡា ខុនដូ។
កាលពីដើមឆ្នាំ២០២០នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានព្រមានរួចម្ដងហើយ ពីចំណាត់ការរបស់ក្រុមអ្នករកស៊ី ឬក្រុមអ្នកតាំងខ្លួនជាភ្នាក់ងារ ហើយបង្ហោះលក់អចលនទ្រព្យតាមបណ្ដាញសង្គមដោយមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ចំណាត់ការនេះ ត្រូវបានស្វាគមន៍ និងគាំទ្រពីអ្នករកស៊ីដែលមានអាជ្ញាប័ណ្ណ និងបង់ពន្ធជូនជាច្រើននៅកម្ពុជាផងដែរ៕