ដោយ:គង់ សូរិយា
ព្រះសីហនុៈ ក្រុមហ៊ុនក្នុងស្រុកមួយ បានសម្រេចបោះទុនជាង១០០លានដុល្លារ ដើម្បីកសាងទីក្រុងរណបមួយនៅក្រុងព្រះសីហនុ ខណៈក្រុងព្រះសីហនុកំពុងមានភាពលេចធ្លោកាន់តែខ្លាំង ក្រោយពេលហេដ្ឋារចនាសម្ព័ន្ឋទូទាំងខេត្តជិតបញ្ចប់។
គំរោងទីក្រុងនេះមានទីតាំងស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលវិនិយោគដោយឈ្មោះ លន ស៊ី ធី ឡូតធឺសស៊ីថោន។
កម្មវិធីសម្ភោធបើកដំណើរការអភិវឌ្ឍន៍នេះ ធ្វើឡើងក្រោមអធិបតីភាពលោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានិងអ្នកពាក់ព័ន្ឋមួយចំនួនទៀត។
លោកតុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងនេះនឹងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៦៦ហិកតា ដែលមានការសាងសង់ជាលំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់លក់ជូនអតិថិជន និងសាងសង់បន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេងឥន្ទនៈ អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម ដែលមានទុនវិនិយោគជាង១០០លានដុល្លាអាមេរិក។
ក្រុមហ៊ុនក៏បានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ នាំមកនូវសុខសន្តិភាព បង្កឱកាសដល់ការវិនិយោគ និងការអភិវឌ្ឍន៍ប្រទេសជាតិ។
ចំណែកលោក រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន ស៊ីធី ឡូតធឺសស៊ីថោនបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុននឹងសាងសង់នូវសំណង់លំនៅដ្ឋាន ផ្ទះវីឡា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលធានាគុណភាពស្តង់ដា តាមបទដ្ឋានវិស្វកម្ម និងស្ថាបត្យកម្ម ប្រកបសោភ័ណ្ឌភាព និងភាពស៊ីវិល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន។
ជាមួយគ្នានេះ លោកគួច ចំរើនបានលើកឡើងថា ទោះបីជាប្រទេសកម្ពុជា និងពិភពលោកព្រួយបារម្ភចំពោះជម្ងឺកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់ ស្របពេលដែលខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អាគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សំបូរទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ ដើម្បីឱ្យភ្ញៀវមកទស្សនា និងលេងកំសាន្ត។
ជាមួយនឹងការគាំទ្រ លើកទឹកចិត្តចំពោះដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន លន ស៊ីធី ក្នុងខេត្តព្រះសីហនុ លោកអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំដល់ក្រុមហ៊ុនឲ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមគោលការណ៍របស់ក្រសួងសុខាភិបាលជាចាំបាច់ នៅក្នុងការដ្ឋានផ្ទាល់ ស្របពេលដែលវិធានការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងធ្វើឡើងគ្រប់ទីកន្លែង៕