ដោយៈ ប៊ី
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ពន្ធលើចំណេញមូលធនលើអចលនទ្រព្យចំនួន៥ប្រភេទ នឹងត្រូវបានលើកលែងចំពោះការលក់ ឬផ្ទេរមូលធន ខណៈពន្ធលើចំណេញមូលធន គ្រោងនឹងអនុវត្តចាប់ពីដើមឆ្នាំ២០២២ ខាងមុខនេះ។
លោកបណ្ឌិតកែន សម្បត្តិអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងក្នុងសិក្ខាសាលាស្តីពី «ពន្ធលើចំណេញមូលធន» កាលពីដើមសប្តាហ៍នេះថា ពន្ធលើចំណេញមូលធនត្រូវបានលើកលែងចំពោះការលក់ ឬផ្ទេរមូលធនមួយចំនួនរួមមាន ទី១).ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ ទី២).ទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃ ទី៣).និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច៥ឆ្នាំមុនពេលលក់ ឬផ្ទេរ។
លោកបានបន្តទៀតថា ក្នុងករណីមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធ និងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម ទី៤).អចលនទ្រព្យក្នុងរង្វង់ញាតិ ដូចមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើត និងបងប្អូនបង្កើតរវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ និង ទី៥).ទ្រព្យដែលត្រូវបានលក់ ឬផ្ទេរ ដើម្បីប្រយោជន៍សាធារណៈ ស្របតាមច្បាប់អស្សាមិករណ៍។
បន្ថែមលើនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធលើចំណេញមូលធនចំពោះការលក់ ឬផ្ទេរដីកសិកម្មជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋ ដែលជាកសិករកំពុងបង្កបង្កើនផលពិតប្រាកដ និងមានអាសយដ្ឋានរស់នៅ ស្ថិតនៅក្នុងឃុំ/សង្កាត់ដែលដីកសិកម្មនោះស្ថិតនៅ។
ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធននេះ ទី១). នឹងធានាបាននូវសមធម៌ នៃការបង់ពន្ធដែលនីតិបុគ្គល បានអនុវត្តបង់ពន្ធនេះ តាំងពីប្រព័ន្ធពន្ធដារកម្ពុជា ចាប់អនុវត្តនូវរបបស័្វយប្រកាស និងធានានូវការប្រកួតប្រជែងដោយស្មើភាព។ ជាពិសេស នឹងធានានូវចីរភាព នៃកំណើនចំណូលពន្ធ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ២). នឹងពង្រឹងបាននូវស្ថិរភាពតម្លៃអចលនទ្រព្យ តាមរយៈការកាត់បន្ថយការលក់បំប៉ោងតម្លៃអចលនទ្រព្យ ហើយប្រជាពលរដ្ឋ និងវិនិយោគិនអាចទិញអចលនទ្រព្យក្នុងតម្លៃសមរម្យ។
ក្នុងន័យនេះ អាចទាក់ទាញវិនិយោគិន មកវិនិយោគបានកាន់តែច្រើន នាំឱ្យបង្កើតបាននូវការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានកាន់តែច្រើន ដែលនឹងបង្កើនបានជាផលរាលដាលវិជ្ជមាន (Spillover Effects) នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។
ចំពោះការគណនាប្រាក់ពន្ធ លើចំណេញមូលធន គឺយកប្រាក់ចំណេញពីការលក់ឬផ្ទេរមូលធន គុណនឹងអត្រាពន្ធ ២០ភាគរយ ហើយសម្រាប់មូលធនជាអចលនទ្រព្យ ម្ចាស់អចលនទ្រព្យអាចជ្រើសរើស វិធីសាស្ត្រកាត់កងចំណាយ ១) វិធីសាស្ត្រកាត់កងចំណាយតាមការកំណត់ គឺអនុញ្ញាតឱ្យកាត់កងចំណាយ ៨០ភាគរយនៃប្រាក់ចំណូលដែលទទួលបានពីការលក់ឬផ្ទេរអចលនទ្រព្យ ឬ២) វិធីសាស្រ្តកាត់កងតាមចំណាយជាក់ស្តែង គឺត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង៕