ឧកញ៉ា ផន វណ្ណិត បង្ហើបគន្លឹះសំខាន់ៗចំនួន៥ដល់យុវជនដើម្បីទទួលបានជោគជ័យ

0

ដោយៈសហការី

ភ្នំពេញៈ ប្រទេសមួយអាចអភិវឌ្ឍន៍រីកចម្រើនទៅបានចាំបាច់ត្រូវមានធនធានគន្លឹះ​ជាស្នូលសម្រាប់ការអភិវឌ្ឍទាំងពេលបច្ចុប្បន្ន និងអនាគត។ ការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម សំណង់ ទេសចរណ៍ ទាំងនេះជាធាតុផ្សំ ដែលមិនអាចខ្វះបានសម្រាប់រដ្ឋទូទាំងពិភពលោកនោះគឺ ធនធានមនុស្ស។

ក្នុងនោះយុវជនគឺជាកម្លាំងមុតស្រួច  និងកម្លាំងស្នូលយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ ដើម្បីបបន្តវេន្តប្រកបដោយសក្ដានុពល និងសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

ជាយុវជនមួយរូប ធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតទាំងជោគជ័យ និងប្រវត្តិជូរចត់តស៊ូរហូតអភិវឌ្ឍន៍ខ្លួនក្លាយជាឧកញ៉ា។

បច្ចុប្បន្នលោកឧកញ៉ា ផន វណ្ណិត ជាអ្នកជំនួញវិស័យអចលនទ្រព្យ ដ៏ជោគជ័យ និងល្បីឈ្មោះមួយរូបបានផ្តល់នូវគន្លឹះ និងបទពិសោធន៍មួយចំនួន ដើម្បីអាចក្លាយខ្លួនជាយុវជនពូកែនៅក្នុងសង្គម។

អតីតសាស្រ្តាចារ្យ ឧកញ៉ាផន វណ្ណិត បានឲ្យដឹងថា គន្លឹះក្លាយជាយុវជនពូកែនិងទទួលបានជជោគជ័យត្រូវមាន៥ចំណុចដូចជា ទី១. ក្លាហាន ទី២. ចូលចិត្តសិក្សា ទី៣. ឧស្សាហ៍ព្យាយាម  ទី៤. ធ្វើរឿងមានប្រយោជន៍  និងទី៥ មានគោលដៅធំច្បាស់លាស់។

ទាក់ទងនឹងចំណុចលម្អិតលើនេះ ឧកញ៉ាវ័យក្មេងរូបនេះ បានពន្យល់យ៉ាងថា

ចំណុចទី១. ក្លាហានៈ សំដៅដល់ការហ៊ានធ្វើរឿងល្អៗ  ហ៊ានផ្សងព្រេង និងធ្វើអ្វីដែលអ្នកដទៃមិនធ្លាប់ធ្វើ ឬមិនហ៊ានធ្វើពីមុនមក។ ជាមនុស្សដែលតែងចូលចិត្តចោទសួរអ្នកដទៃ បើឆ្ងល់ត្រង់កន្លែងណា។ ភាពក្លាហាន ជាចំណុចចាប់ផ្តើម ក្នុងការបញ្ជាក់ពីភាពជោគជ័យក្នុងជីវិតរបស់មនុស្សម្នាក់ៗ។

ចំណុចទី២.ចូលចិត្តសិក្សាៈ តែងតែមានទម្លាប់សិក្សារៀនសូត្រជាប្រចាំ ដើម្បីក្រេបយកចំណេះដឹង និងជំនាញផ្សេងៗមកដាក់ក្នុងខ្លួន។ ជាមនុស្សដែលស្វះស្វែងរកចំណេះដឹងមុន នឹងស្វែងរកទ្រព្យ។ ចូលចិត្តអានសៀវភៅ ជាងប្រើប្រាស់ឧបករណ៍ទូរស័ព្ទ។ ចូលចិត្តរៀនសូត្រពីរៀមច្បង និងសេពគប់ អ្នកដែលចូលចិត្តសិក្សា និងមានចំណេះដឹង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

ចំណុចទី៣. ឧស្សាហ៍ព្យាយាមៈ មានការតស៊ូអត់ធ្មត់ មិនខ្ជិលច្រអូស តែងតែខិតខំជានិច្ចដើម្បីគោលដៅ និងផែនការរបស់ខ្លួន។ បើជាសិស្សវិញ រៀនជាប្រចាំ មិនឱ្យចាញ់គេឡើយ។ បើជាអ្នកជំនួញវិញ គឺតែងតែប្រឹងធ្វើការច្រើនជាងការសម្រាក។ យុវជនពូកែ គឺតែងប្រឹងប្រែងបំផុតប្រចំាថ្ងៃក្នុងជីវិតរបស់ខ្លួន ដោយមិនខ្ជីខ្ជាពេលវេលាឡើយ។

ចំណុចទី៤. ធ្វើរឿងមានប្រយោជន៍ៈ តែងតែគិត និងធ្វើរឿងអ្វីដែលមានប្រយោជន៍ជានិច្ច ហើយមិនសូវចូលចិត្តដើរលេងនោះទេ ដ្បិតគេគ្មានពេលវេលា សម្រាប់ដើរលេងច្រើនជាងការងាររកស៊ី ឬការសិក្សាឡើយ។ យុវជនពូកែ តែងសេពគប់មិត្តល្អ មិនមែនមិត្តដែលចូលចិត្តសេពគ្រឿងស្រវឹងឡើយ។ ចេះចូលរួមធ្វើកិច្ចការសង្គម និងស្ម័គ្រចិត្ត។

ចំណុចទី៥ មានគោលដៅធំច្បាស់លាស់ៈ មានគោលដៅធំ ច្បាស់លាស់បំផុត ហើយប្តេជ្ញាធ្វើវាអោយបាន ទោះក្នុងកាលទេស:ណាក៏ដោយ។ មានគោលដៅធំ ជាហេតុធ្វើអោយមានការប្រឹងប្រែងកាន់តែខ្លាំង និងលេចធ្លោរជានិច្ច។ តែងសម្លឹងវែងឆ្ងាយ មិនមែនគិតខ្លីៗ។ ធ្វើអ្វីតែងគិតទៅដល់គោលដៅដ៏ធំជាចម្បងរបស់ខ្លួនជានិច្ច។

លោកឧកញ៉ាផន វណ្ណិត ជាអតីតកូនអ្នកលក់បន្លែ ធ្លាប់បួសជាព្រះសង្ឃ ហើយបន្តការសិក្សាដល់បរទេស លោកឧកញ៉ា ត្រូវបានមជ្ឍដ្ឋានដែលធ្លាប់ស្គាល់លោក និងចាត់ថា ជាមនុស្សដែលមានចំណេះដឹងជ្រៅផ្នែកព្រះពុទ្ធសាសនា និងសង្គម ដោយសារតែ ការប្រឹងរៀនសូត្រ ការប្រឹងប្រែង រកស៊ី ជួយដល់សង្គមជាច្រើន រហូតត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារជា ឧកញ៉ាកាល ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here