ដោយ:គង់ សូរិយា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់់ និងផ្លូវរថភ្លើង ដើម្បីឈានទៅលុបបំបាត់ការទន្ទ្រានយកដីចំណីផ្លូវសាធារណៈទៅសាងសង់សំណង់ ឬដាំដំណាំផ្សេងៗ។
សេចក្តីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើង មានគោលបំណងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ ទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គមដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវ កាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។
ជាងនេះទៅទៀត អនុក្រឹត្យនេះមានគោលបំណងកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋ ដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយនិរន្តរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើ់ងក្រោមអធិបតីភាពលោកលឹម ស៊ីដេនីនរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។
យោងតាមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើងក្នុងការធ្វើផែនការ ការសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ផ្លូវជាតិ និងផ្លូវរថភ្លើង ឬផ្ដល់សេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីបម្រើផលប្រយោជន៍អ្នកប្រើប្រាស់ផ្លូវជាតិ និងផ្លូវរថភ្លើងឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកលឹម ស៊ីដេនីន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យនេះ កិច្ចប្រជុំនេះធ្វើឡើងក្នុងពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដី ចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ក៏ដូចជាដើម្បីប្រមូលធាតុចូលឱ្យកាន់តែទូលំ ទូលាយ សំដៅឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារកាន់តែច្បាស់លាស់ ជាក់លាក់ និងស៊ីជម្រៅក្នុងក្របខណ្ឌនៃកំណត់ការគ្រប់គ្រង និងការប្រើប្រាស់ដីចំណីតាមបណ្ដាញផ្លូវជាតិ និងផ្លូវរថភ្លើង ឱ្យសមស្របតាមការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។
លោករដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារជំនាញ បច្ចេកទេសពិនិត្យបន្ថែមទៀត និង សិក្សាពាក្យពេជន៍ ឃ្លា ប្រយោគឱ្យបានល្អិតល្អន់ និងស៊ីជម្រៅសំដៅឱ្យមានសង្គតភាពជាមួយនឹង ឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញឱ្យការរៀបចំសេចក្ដីព្រាង អនុក្រឹត្យនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងដំណើរការទៅមុខដោយរលូន៕