លំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារកំពុងវាយឡុកទីផ្សារនៅតំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងលំនៅដ្ឋានជាច្រើនត្រូវបានគេមើលឃើញថាកំពុងតែមានសកម្មភាពយ៉ាងមមាញឹកក្នុងសាងសង់គម្រោងរបស់ខ្លួន ដែលភាគច្រើនស្ថិតនៅតំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញ និងត្រូវបានដាក់លក់នៅលើទីផ្សាររួមក្នុងតម្លៃក្រោម១០ម៉ឺនដុល្លារ។

អគ្គនាយកក្រុមហ៊ុនភ្នាក់អចលនទ្រព្យ Century21 Advance លោកឡុងគីម សួគ៌ បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា មិនថាពេលនេះ ឬក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខទៀត តម្រូវការលំនៅដ្ឋានកម្រិតមធ្យមដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារនៅតែមានទីផ្សារខ្ពស់ ព្រោះអ្នកដែលរស់នៅ និងប្រកបអាជីវកម្ម ក៏ដូចជាការងារនៅក្នុងរាជធានីភ្នំពេញភាគច្រើនមិនទាន់មានលំនៅដ្ឋានស្នាក់នៅកម្មសិទ្ធិនៅឡើយនោះទេ។

លោកបានបញ្ជាក់ថា សម្រាប់លំនៅដ្ឋានដែលមានតម្លៃសមរម្យក្រោម១០ម៉ឺនដុល្លារនៅតែមានប្រជាប្រិយភាពខ្ពស់ ព្រោះមនុស្សអត់ទាន់មានផ្ទះនៅកម្មសិទ្ធិនៅមានច្រើនណាស់ ហើយមួយឆ្នាំៗមានអ្នកចំណូលថ្មីមកកាន់រាជធានីភ្នំពេញជាបន្តបន្ទាប់ ដូច្នេះតម្រូវការនៅតែបន្តមានមិនធ្លាក់ចុះនោះទេ។ ហេតុផលដែលធ្វើឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅដ្ឋានភាគច្រើនសម្រុកទៅកាន់តំបន់ជាយក្រុងដោយសារតែនៅតំបន់ទាំងនោះជាតំបន់មានការអភិវឌ្ឍថ្មី តម្លៃដីធ្លីនៅមានកម្រិតដែលអនុគ្រោះដល់ការវិនិយោគរបស់ពួកគេអាចមានឱកាសទទួលបានចំណេញច្រើន ដែខុសប្លែកពីដីនៅកណ្តាលក្រុងឡើងខ្ពស់ហួសពីកម្រិត ដែលមិនអនុគ្រោះសម្រាប់អភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យមទៀតនោះទេ ដែលសូម្បីតែលំនៅដ្ឋាននៅក្នុងតំបន់មួយចំនួនដូចជាក្នុងខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ(ម្ដុំផ្លូវ៦០ម៉ែត្រ) ដែលលំនៅដ្ឋានមួយខ្នងមានតម្លៃជាង២០ម៉ឺនដុល្លាររួចទៅហើយនោះ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ានួន រិទ្ធី ជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់ជាយក្រុងក្បែរផ្លូវជាតិលេខ១ បុរីកៀនស្វាយផាក ជិតគម្រោងផ្លូវក្រវាត់ក្រុងទី៣ដែលកំពុងមានគម្រោងអភិវឌ្ឍន៍ជាច្រើននោះបានមានប្រសាសន៍ថា ការវិនិយោគវិស័យលំនៅដ្ឋានតម្លៃមធ្យមដែលមានទីតាំងស្ថិតនៅតំបន់ជាយក្រុងគឺអាចផ្តល់ឱកាសចំណេញដល់អ្នកអភិវឌ្ឍន៍ និងមានទីផ្សារធំទូលាយជាងលំនៅដ្ឋានប្រណីតកម្រិតខ្ពស់។

លោកឧកញ៉ាបញ្ជាក់ថា “លំនៅដ្ឋានកម្រិតសមរម្យងាយស្រួលរកអតិថិជនគោលដៅ ព្រោះបើអតិថិជនមានលុយត្រឹម១០ម៉ឺនដុល្លារ ឬក្រោមនេះមិនអាចទិញលំនៅដ្ឋានស្នាក់នៅក្នុងរាជធានីភ្នំពេញបានទេ ដូច្នេះលំនៅដ្ឋាននៅតំបន់ជាយក្រុងគឺជាជម្រើសរបស់ពួកគាត់។ ម៉្យាងវិញទៀត ស្ទើរគ្រប់គម្រោងទាំងអស់សុទ្ធតែបានផ្តល់ជូននូវលក្ខខណ្ឌងាយស្រួលដល់អតិថិជនជាមួយនឹងជម្រើសបង់ផ្តាច់ដែលអាចទទួលបានការបញ្ចុះបន្ថែម ក៏ដូចជាជម្រើសនៃការបង់រំលោះប្រចាំខែជាមួយក្រុមហ៊ុនផ្ទាល់ ឬជាមួយធនាគារជាដៃគូរបស់ក្រុមហ៊ុនដែលកាន់តែផ្តល់នូវទំនុកចិត្តដល់ពួកគាត់ ហើយពួកគាត់ក៏មានឱកាសចំណេញជាច្រើន មិនថាចំពោះការទិញសម្រាប់រស់នៅ ក៏ដូចជាការទិញទុកសម្រាប់ជួល ឬលក់បន្តយកចំណេញនៅពេលអនាគតនោះទេ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំទាំងតម្លៃដី និងតម្លៃលំនៅដ្ឋានតែងមានកំណើនជារៀងរាល់ឆ្នាំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here