ដោយគង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃក្រសួងដើម្បីពិនិត្យ និងកែសម្រួលលើផែនការយុទ្ធសាស្ត្រទីផ្សារ ទាក់ទាញទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៥ ។
ជាមួយគ្នានេះ កម្ពុជាក៏ត្រៀមរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ “កម្ពុជា” ជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២» ។
កិច្ចប្រជុំនេះ មានធ្វើឡើងក្រោមការដឹកនាំរបស់លោកសុខ សង្វារអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ឋ។
ខ្លឹមសារយុទ្ធសាស្ត្រទីផ្សារ ដែលក្រុមការងារបានរៀបចំឡើង ឆ្លើយតបនឹងវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៥ គឺផ្តោតលើយុទ្ធសាស្ត្រចំនួន៥ គឺ យុទ្ធសាស្ត្រពង្រីកទីផ្សារគោលដៅអាទិភាព ផែនការយុទ្ធសាស្ត្រពង្រឹងគុណភាព និងអភិវឌ្ឍន៍ផលិតផលឆ្លើយតបតាមតម្រូវការទីផ្សារ ផែនការយុទ្ធសាស្ត្រជំរុញការធ្វើការដំណើរ និងការតភ្ជាប់ និងផែនការយុទ្ធសាស្ត្របង្កើនការផ្សព្វផ្សាយ។
ក្រៅពីពិនិត្យកែសម្រួលលើផែនការយុទ្ធសាស្ត្រទីផ្សារ ទាក់ទាញទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៥ ក្រុមការងារក៏បានពិភាក្សាគ្នាផងដែរ អំពីការត្រៀមរៀបចំកម្មវិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ “កម្ពុជា ជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២” ដែលគ្រោងនឹងរៀបចំនៅខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ៕