ដោយ:គង់ សូរិយា
ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងវាយតម្លៃថា ទំនាក់ទំនងមិត្តភាពកម្ពុជា- ចិនបានពង្រឹងខ្លួនកាន់តែរឹងមាំនៅក្នុងរយៈពេល៦៣ឆ្នាំចុងក្រោយនេះ។
អ្នកឧកញ៉ាបានបន្តថា ជាក់ស្ដែងមហាគម្រោង «ខ្សែក្រវាត់មួយផ្លូវមួយ» ដែលដឹកនាំ ដោយសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់នូវឱកាសមហាសាលសម្រាប់ភាពជាដៃគូពាណិជ្ជកម្ម និងវប្បធម៌ទ្វេភាគីជាច្រើនរវាងកម្ពុជា-ចិន។
អ្នកឧកញ៉ា គិត ម៉េងបានបន្តទៀតថា ក្នុងចំណោមគម្រោងជាច្រើន ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមនេះ គម្រោងសាងសង់អគារពហុបំណងអន្តរជាតិ គម្រោងទំនប់វារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងផ្លូវត្រង់រវាងភ្នំពេញ និងក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននឹងកំពុងត្រៀមខ្លួន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ ស្របនឹងគំនិតផ្ដួចផ្ដើមនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏បានសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំ របស់ប្រជាជាតិទាំងពីរ និងជាកត្តាសំខាន់ចូលរួម ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងផងដែរ។
ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា “ខ្ញុំបានឃើញពីកិច្ចសហប្រតិបត្តិការ ប្រកបដោយជោគជ័យជាច្រើន រវាងប្រទេសទាំងពីរ។ ខ្ញុំសូមកោតសរសើរ ចំពោះសម្ព័ន្ធភាពដ៏ឧត្ដុងឧត្តមរបស់កម្ពុជា និងចិន ដែលបានខិតខំកសាងឡើងអស់រយៈកាលជាយូរមកហើយ”។ លោកបន្តថា “ខ្ញុំនឹងទន្ទឹងរង់ចាំទទួលស្វាគមន៍ វិនិយោគិន និងធុរជនចិនជ្រើសរើសប្រទេសកម្ពុជា ជាប្រទេសចម្បងក្នុងការសិក្សានិងស្វែងរកឱកាសវិនិយោគកាន់តែច្រើនថែមទៀតនៅក្នុងឆ្នាំ២០២១នេះ”។
អ្នកឧកញ៉ាគិត ម៉េងបានសម្តែងសុទិដ្ឋិនិយមថា ឆ្នាំថ្មីឆ្នាំឆ្លូវនេះ កម្ពុជានឹងចិននឹងនៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដ៏រឹងមាំនេះ ព្រមទាំងទទួលបានកាលានុវត្តភាព ក្នុងការបន្តសហការគ្នាលើគម្រោងផ្សេងៗជាច្រើនទៀត៕