ដោយ:គង់ សូរិយា
សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបបានសម្រេចជ្រើសរើសតំបន់ចំនួនបី ក្នុងស្រុកបី ដើម្បីសិក្សាលើការគ្រប់គ្រងសំណល់សរីរាង្គ ដែលជាផ្នែកមួយនៃការចូលរួមលើកកំពស់បរិស្ថានស្អាត។
អភិបាលរងខេត្តសៀមរាប លោក ពៅ ពិសិដ្ឋបានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីពីលទ្ធផល នៃការសិក្សាសមិទ្ធផល ក្នុងការគ្រប់គ្រងសំណល់សរីរាង្គដែរកំពុងអនុវត្តគោលដៅ៣កន្លែងក្នុង ខេត្តសៀមរាប។ លោកបន្តថា គម្រោងនេះ ត្រូវបានសិក្សាអំពីការគ្រប់គ្រងសំណល់សរីរាង្គ នៅគោលដៅចំនួន៣ គឺក្រុងសៀមរាប ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ ២០២០ ដោយអង្គការហ្រ្កេត ក្រោមជំនួយរបស់SYCTOM និងHauts -de -seine នៃប្រទេសបារាំង។
ជាមួយនឹងសិក្ខាសាលានេះ អង្គប្រជុំបានធ្វើការសិក្សាលើចំណុចបីសំខាន់ ដូចជាទី១ ដើម្បីធ្វើការវិនិច្ឆ័យ ស្ថានភាពបច្ចុប្បន្នទាក់ទង នឹងការគ្រប់គ្រងសំណល់រឹងក្នុងតំបន់ដែលបានកំណត់ដូចជាក្រុងសៀមរាប ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម។ ទី២ដើម្បីកំណត់ការចាប់អារម្មណ៍ និងឆន្ទះរបស់កសិករក្នុងការប្រើប្រាស់ និងទិញជីកំប៉ុស្តដែលផលិតចេញពីសំណល់សរីរាង្គទីក្រុងនាពេលអនាគត និងទី៣ ដើម្បីបង្កើតសេនារីយ៉ូខុសៗគ្នា ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង រួមមាន ផលប៉ះពាល់ និរន្តភាព និងទំហំអន្តរាគមន៍រួមទាំងវាយតម្លៃលទ្ធភាព និងឆន្ទះរបស់អាជ្ញាធរ ក្នុងការចំណាយលើប្រតិបត្តិការសម្រាប់ធ្វើប្រព្រឹត្តកម្មសំណល់រឹង៕