Facebook ប្រកាសវិនិយោគទឹកប្រាក់១ពាន់លានដុល្លារដើម្បីគាំទ្រវិស័យសារព័ត៌មានរយៈពេល៣ឆ្នាំខាងមុខ

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនហ្វេសប៊ុក (Facebook) កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ប្រកាសថានឹងវិនិយោគទឹកប្រាក់ យ៉ាងហោចណាស់១ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រសារព័ត៌មានក្នុងរយៈពេល៣ឆ្នាំខាងមុខ ខណៈក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម    យក្សនេះ បានការពារការក្តីជម្លោះជាមួយអូស្រ្តាលី លើការទូទាត់ប្រាក់ទៅឱ្យអង្គភាពសារព័ត៌មាន។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានផ្នែកកិច្ចការទំនាក់ទំនងពិភពលោករបស់ក្រុមហ៊ុន Facebook លោកNick Clegg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនមានឆន្ទៈក្នុងការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ខណៈពេលដែលរំលឹកឡើងវិញ នូវការព្រួយបារម្ភរបស់ខ្លួនចំពោះការបង់ប្រាក់ ដែលត្រូវបានកំណត់ដោយក្រុមហ៊ុន។

លោកបានបន្តថា “យើងទទួលស្គាល់យ៉ាងច្បាស់ នូវវិជ្ជាជីវៈសារព័ត៌មាន ដែលជាចំណុចស្នូល នៃសង្គមសេរី ដោយពលរដ្ឋអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ”។

លោក Clegg បាននិយាយដូច្នេះ បន្ទាប់ពីFacebook ស្តារតំណភ្ជាប់ព័ត៌មានជាផ្នែកមួយ នៃការសម្របសម្រួលជាមួយមន្រ្តីអូស្រ្តាលីថា “Facebook មានឆន្ទៈធ្វើជាដៃគូជាមួយអ្នកបោះពុម្ពផ្សាយព័ត៌មាន”។

លោក Clegg បានការពារក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គមយក្សរបស់អាមេរិក​នេះ នៅក្នុងការសរសេរប្លុកមួយ ដែលមានចំណងជើងថា “រឿងរ៉ាវពិតនៃអ្វីដែលបានកើតឡើង ជាមួយព័ត៌មាននៅលើ Facebook នៅអូស្ត្រាលី”។

វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ មានភាពចម្រូងចម្រាស បន្ទាប់ពីបានលុបចោ​លទំព័រប្រព័ន្ធផ្សព្វផ្សាយនានា សម្រាប់អ្នកប្រើប្រាស់អូស្រ្តាលី និងរារាំងពួកគេពីការចែករំលែកមាតិកាព័ត៌មានណាមួយ។

លោកClegg បានអះអាងនៅក្នុងការប្រកាសរបស់លោកថា ចំណុចសំខាន់នៃភាពចម្រូងចម្រាស គឺជាការយល់ច្រឡំ អំពីទំនាក់ទំនងរវាងFacebook និងអ្នកបោះពុម្ពផ្សាយព័ត៌មាន។

លោកបាននិយាយថា “ការអះអាងនេះបានធ្វើឡើងម្តងហើយម្តងទៀត យ៉ាងទូលំទូលាយ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលថា Facebook លួចឬយកសារព័ត៌មានដើម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច ហើយវានៅតែមិនមែនជាពិត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here