ដោយៈ ប៊ី
ព្រះសីហនុ ៖ ក្រុមហ៊ុនសាងសង់ផ្លូវរត់ព្រលានយន្ដហោះកងកេង ដែលជាផ្លូវរត់វែងជាងគេក្នុងប្រទេសកម្ពជា អះអាងថា គម្រោងសាងសង់នេះនឹងបញ្ចប់នៅដើមឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យយន្ដហោះធំៗហោះចម្ងាយឆ្ងាយ រាប់ទាំងយន្ដហោះរបស់ប្រធានាធិបតីអាមេរិកអាចមកចុះចតនៅកម្ពុជាផងដែរ។
ផ្លូវរត់ព្រលានយន្ដហោះកងកេង ខេត្ដព្រះសីហនុ ដែលជាផ្លូវរត់វែងជាងគេក្នុងប្រទេសកម្ពជានោះ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនវ៉ាងស៊ីរបស់ប្រទេសបារាំងជាអ្នកសាងសង់។
ក្រុមហ៊ុនវ៉ាងស៊ីបានធានាថានឹងធ្វើឲ្យរួចរាល់នៅក្នុងរង្វង់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដូច្នេះយន្ដហោះធំៗ ដែលមកពីឆ្ងាយរាប់ទាំងយន្ដហោះរបស់ប្រធានាធិបតីអាមេរិកក៏អាចមកចុះចតនៅប្រទេសកម្ពុជាបានដែរ។
លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ គឺជាព្រលានយន្ដហោះ ដែលមានប្រវែងរត់វែងជាងគេនៅក្នុងប្រទេសកម្ពុជា ហើយមកដល់ពេលនេះបានកសាងផ្លូវរត់ ផ្លូវចុះចតសម្រាប់យន្ដហោះ។
លោកបានឲ្យដឹងទៀតថា បើគ្មានការវាយប្រហារពីជំងឺកូវីដ-១៩នោះទេ សង្ឃឹមថាផ្លូវរត់ព្រលានយន្ដហោះកងកេងនឹងអាចរួចរាល់នៅក្នុងឆ្នាំ២០២២ ដែលជាការគាំទ្របន្ថែមទៀតសម្រាប់ការវិនិយោគ និងការអភិវឌ្ឍ នៅក្នុងខេត្តព្រះសីហនុ។
រាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុក្នុងចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។
ជាពិសេស ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្ម ជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ៕