ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់ចិន Tik Tokនឹងបើកការិយាល័យនៅកម្ពុជា

0

ដោយ:គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់ចិន Tik Tokនឹងបើកការិយាល័យនៅទីក្រុងភ្នំពេញប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

យោងតាមបុគ្គលិករបស់ក្រុមហ៊ុននេះបានឲ្យដឹងនាពេលមុននេះបន្តិចថា ក្រុមហ៊ុននេះនឹងបើកការិយាល័យនៅកម្ពុជា ដែលមានការិយាល័យនៅក្នុងខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។

Tik Tok ជាបណ្តាញសង្គមមួយដែលមានការពេញនិយមទូទាំងពិភពលោក។ បណ្តាញសង្គមមួយនេះធ្លាប់ត្រូវបានទទួលការចរចាទិញពីសំណាក់ក្រុមហ៊ុនយក្សរបស់អាមេរិក។

ក្នុងរដ្ឋបាលអតីតប្រធានាធិបតីដូណាល់ ត្រាំ បណ្តាញសង្គមនេះ ត្រូវបានរដ្ឋាភិបាលអាមេរិកចោទថា ជាបណ្តាញសង្គមរបស់រដ្ឋាភិបាលចិន ដែលចូលលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក ប៉ុន្តែថ្នាក់ដឹកនាំក្រុមហ៊ុននេះបានបដិសេធ។
បណ្តាញសង្គម Tik Tok ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុនByteDance ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណេតមួយ ត្រូវបានបង្កើតឡើងដោយលោក Zhang Yiming ក្នុងឆ្នាំ២០១២។ គិតត្រឹមខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុននេះមានតម្លៃរហូតទៅ១០០ពាន់លានដុល្លារ។
ByteDance ជាក្រុមហ៊ុនបង្កើតកម្មវិធីចែករំលែកវីដេអូដ៏ល្បីឈ្មោះ TikTok ដែលជាបណ្តាញសង្គមដ៏ល្បីល្បាញ នៅលើពិភពលោក។ ByteDance ក៏បានទិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមMusical.ly ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃផងដែរ។
ទោះយ៉ាងណាTikTok គឺជាកម្មវិធីរបស់ចិន ដែលត្រូវបានគ្រប់គ្រងនៅខាងក្រៅប្រទេសចិនដោយក្រុមហ៊ុន ByteDance។ TikTok បានប្រឈមមុខនឹងការគំរាមកំហែងជាច្រើន ពីការហាមឃាត់ដោយសមាជិកសភាអាមេរិក ដោយសារតែការចោទប្រកាន់ថា កម្មវិធីនេះកំពុងចែករំលែកព័ត៌មានជាមួយរដ្ឋាភិបាលចិន។
បណ្តាញសង្គមនេះ បច្ចុប្បន្នមានចំនួនអ្នកប្រើប្រាស់រហូតដល់១០០០លាននាក់នៅទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here