ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកវិនិយោគចិនដ៏មានឥទ្ឋិពលមួយរូបបានថ្លែងថា ក្រុមអ្នកវិនិយោគទុនបរទេស ជាពិសេសបណ្តាអ្នកវិនយោគទុនចិន បានវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ព្រោះមានការជឿជាក់ក្រោមការដឹកនាំ ដ៏មានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ពីប្រមុខរដ្ឋាភិបាលកម្ពុជា។
ប្រធានគណៈកម្មាធិការ និងជាអតីតប្រធានគណៈកម្មការច្បាប់ធនាគារចិនលោកសាង ហ៊្វូលីនបានលើកឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨កន្លងមកថា ដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរកម្ពុជា-ចិន តារយៈការប្រើប្រាស់នូវយន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបជា វិជ្ជមាន ទៅនឹងក្របខណ្ឌនៃការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយផ្លូវមួយ បានធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរមិនអាចកាត់ថ្លៃបាន ក្នុងទិសដៅតែមួយគត់គឺការជម្រុញកិច្ចសហប្រតិបត្តិការនេះទៅរកការរីកចម្រើន។
លោកបានបន្តដោយបានកោតសរសើដល់ប្រទេសកម្ពុជា ដែលទទួលបានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស នៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងការទាក់ទាញទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស ជាពិសេសអ្នកវិនិយោគទុនចិន។ លោកបន្តថា ភាពជោគជ័យទាំងនេះ គឺបានកើតចេញតាមរយៈជំនឿជឿជាក់ ទៅលើការដឹកនាំដ៏មានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការទទួល ខុសត្រូវខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកសុខ ចិន្តាសោភាបានជម្រាបជូនគណៈប្រតិភូចិនអំពីវឌ្ឍនភាព និងគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្តរបស់អ្នកវិនិយោគគ្រប់រូប ក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការជម្រុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥៕