ដោយគង់ សូរិយា
ស្ទឹងត្រែងៈ តំបន់ «រាមសា» ខេត្តស្ទឹងត្រែង ជាតំបន់ដីសើម ដែលពោរពេញដោយជីវចម្រុះ ដែលវាបាននិងកំពុងក្លាយជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ស្ទឹងត្រែងពិតជាស្អាតដូចឋានសួគ៌ នៅរដូវទឹកសម្រក ដែលមានឆ្នេរខ្សាច់ប្រែប្រួលតាមរដូចកាល ដោយសារកំសួលទឹកហូរ មានដើមឈើដែលមានឬសកែវ ពត់ពេនតាមខ្សែទឹកហូរ និងជាតំបន់ដែលមានផ្ទាំងសិលា ទឹកហូរតិចៗ ងាយស្រួលអុំទូកកាយ៉ាក់លំហែរកាយ ពេលវិស្សមកាល។
ស្ទឹងត្រែងមានចំណុចពិសេសជាច្រើន ដោយមានទន្លេមេគង្គ ទន្លេសេសាន ទន្លេសេកុង និងទន្លេស្រែពក ប៉ុន្តែដោយសារការធ្វើដំណើរឆ្ងាយ ពិសេសមិនសូវមានការផ្សព្វផ្សាយពីផលិតផលទេសចរណ៍តំបន់នេះ បានធ្វើឲ្យខេត្តស្ទឹងត្រែង ជាខេត្តដែលគេបំភ្លេច និងជាខេត្តដែលគ្រាន់តែគេធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះ។
លោកថោង អូនម្ចាស់រមណីយដ្ឋានបក្សីមេគង្គ ដែលមានទីតាំងនៅជិតទីរួមខេត្តស្ទឹងត្រែងធ្លាប់បានមានប្រសាសន៍ថា ការពិតស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ខ្លាំងណាស់ ព្រោះតំបន់ទន្លេមេគង្គ មានធនធានទេសចរណ៍ដ៏សម្បូរបែប ដែលមិនអាចកាត់ថ្លៃបាន ពិសេសមានសត្វស្លាប មានផ្ទាំងសិលា មានតំបន់រាមសា មានត្រីធំៗ ដែលមានរសជាតិ ពិសេសមានកោះតូចៗនៅលើដងទន្លេមេគង្គ ដែលអាចសម្រាកលំហែរកាយបាននៅពេលរាត្រី។
លោកបន្តថា “អ្នកបានទៅទស្សនាតំបន់ទាំងនេះ មិនចង់ត្រលប់មកវិញឡើយ ពិសេសជនបរទេស ពួកគេនិយមទៅបោះតង់លើកោះតូចៗ ដែលផ្តល់នូវបរិយាកាសដ៏រ៉ូមែនទិកសម្រាប់ពួកគេ” ៕