ការសាងសង់​ព្រលានយន្ដហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី គ្រោង​នឹង​សម្រេច ៦៧ភាគរយ​នៅ​ចុងឆ្នាំ២០២១នេះ

0

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ ផ្អែក​តាម​ផែនការ​នៃ​ការសាងសង់ ព្រលានយន្ដហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ដែល​កំពុង​សម្រុក​ការសាងសង់​យ៉ាងសកម្ម នាពេល​បច្ចុប្បន្ននេះ​គ្រោង​នឹង​សម្រេច​ឱ្យបាន ប្រមាណ៦៧ភាគរយ​នៅត្រឹម​ដំណាច់ឆ្នាំ២០២១ ។  នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹងពី​អ្នកជំនាញ​នៃ​ក្រុមការងារ​ចិន ដែល​កំពុង​ប្រតិបត្តិការ​នៅ​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ។

អ្នកជំនាញ និង​ជា​ថ្នាក់ដឹកនាំ​ផ្នែក​ការដ្ឋាន​បានបញ្ជាក់​ថា សម្រាប់​ឆ្នាំ២០២១នេះ លទ្ធផល​នៃ​ការសាងសង់ នឹងត្រូវ​មានការ​បែងចែក​ដាច់ដោយឡែក​ពីគ្នា ហើយ​មាន​ផ្នែក​ខ្លះ​សម្រេចបាន​ច្រើន ហើយ​ផ្នែក​ខ្លះទៀត​សម្រេចបាន​តិច ប៉ុន្តែ​ស្របតាម​ផែនការ​ដែល​បាន​គ្រោងទុក​ទាំងអស់។

ការសាងសង់​ស្ថានីយ​អ្នកដំណើរ គ្រោង​នឹង​សម្រេច​ឲ្យ​បាន ៧៨ភាគរយ ការកសាង​តំបន់​ហោះហើរ គ្រោង​នឹង​សម្រេច​ឲ្យ​បាន ៤៥ភាគរយ និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​របស់​អាកាសយានដ្ឋាន គ្រោង​នឹង​សម្រេច​ឲ្យ​បាន ៥០ភាគរយ។

ចាប់តាំងពី​ដំណើរការ​ការដ្ឋាន សាងសង់​ស្ថានីយ​អ្នកដំណើរ កាលពី​ពាក់កណ្តាល​ខែមីនា​ឆ្នាំ២០២០ មកដល់​ចុងឆ្នាំ២០២០ គឺ​សម្រេចបាន ១៥ភាគរយ។ ចំណែក​ការសាងសង់​តំបន់​ហោះហើរ ដែល​ចាប់ផ្តើម​ការដ្ឋាន​នា​ពាក់កណ្តាល​ខែតុលា មកដល់​ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបាន​ប្រមាណ១០ភាគរយ។

ព្រលានយន្តហោះ​នេះ មាន​ផ្លូវ​រត់​ប្រវែង ៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណត​យន្តហោះ  និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ៍ អ្នកដំណើរ​ជាង៨ម៉ឺន​ម៉ែត្រក្រឡា ដែល​អាច​ទទួល​អ្នកដំណើ​រ​ជាប្រចាំ​ឆ្នាំ​ប្រមាណ​ជា ៧លាន​នាក់។

ព្រលានយន្ដហោះ​អន្តរជាតិ​សៀមរាប​ថ្មី គ្រោង​វិនិយោគ​ទឹកប្រាក់​ប្រមាណ៩០០លាន​ដុល្លារ​អាមេរិក។ ព្រលានយន្តហោះ​នេះ ទីតាំង​ស្ថិតនៅ​ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប មាន​វិសាលភាព​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៧០០ហិកតា បានចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០២០ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here