ផ្សារទំនើបខា្នតយក្សចំនួន៣ កំពុងប្រមូលផ្តុំគ្នាក្នុងតំបន់មួយនៅរាជធានីភ្នំពេញ

0

ដោយៈ ឧត្តម

ភ្នំពេញៈ ជាមួយនឹងការរីកចម្រើន នៃវិស័យសំណង់នៅក្នុងរាជធានីភ្នំពេញ និងនៅតាមតំបន់ជាយៗក្រុងនោះ គេសង្កេតឃើញមានផ្សារទំនើបធំៗ មួយចំនួនត្រូវបានបង្កើតឡើង ទាំងនៅកណ្តាលទីក្រុង និងនៅជាយក្រុងភ្នំពេញ។

ប៉ុន្តែគេក៏មានការចាប់អារម្មណ៍ ទៅលើផ្សារខ្នាតយក្សចំនួន៣ ដែលត្រូវបានបង្កើតឡើងនៅក្នុងតំបន់តែមួយ នៃប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅខណៈពេលតំបន់ដទៃទៀតមិនទាន់មានផ្សារទំនើប និងធំៗបែបនេះនៅឡើយ។

ផ្សារខ្នាតយក្សទាំង៣នោះ រួមមាន៖ផ្សារទំនើប PH  Diamonond Place ផ្សារទំនើ​បជីបម៉ុង២៧១មេហ្គាម៉ល និងផ្សារទំនើបអ៊ីអនម៉ល៣។ តើការបង្កើតផ្សារទំនើបខ្នាតយក្ស នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នោះផ្តល់សារៈសំខាន់ និងភាពទាក់ទាញអ្វីខ្លះ?។

លោកឧកញ៉ានួន រិទ្ធី ជាអ្នកជំនាញលើវិស័យអចលនទ្រព្យបានមានប្រសាសន៍ថា ការបង្កើតផ្សារធំៗ នៅតំបន់ប៉ែកខាងត្បូងនោះ គឺវាពាក់ព័ន្ធនឹងតម្រូវការ ហើយពាក់ព័ន្ធនឹងការពង្រីកទីក្រុងថ្មីច្រើន ជាពិសេសព្រលានយន្តហោះ នៅប៉ែកខាងត្បូងរាជធានីភ្នំពេ​ញ ជាពិសេសខេត្តកណ្តាល ដែលត្រូវបានអភិវឌ្ឍន៍ទៅជាលំនៅដ្ឋន ក្នុងនោះយើងឃើញហើយថាមានតម្រូវការផ្សារ សាលារៀន និងមន្ទីរពេទ្យជាដើម សម្រាប់ផ្គត់ផ្គង់ទៅលើភាពត្រូវការ និងផ្តល់ផលប្រយោជន៍ធំទៅលើផ្នែកពាណិជ្ជកម្ម។

ពាក់ព័ន្ធនឹងការផ្គត់ផ្គង់នេះ យើងមើលឃើញពីតម្រូវការនាពេលអនាគត ការរីកលូតលាស់នៃខ្សែក្រវ៉ាត់ក្រុងទី២ និងទី៣នៅប៉ែកខាងត្បូងនោះ អ៊ីចឹងហើយកាលណាមានផ្លូវ មានទឹក ភ្លើង មានការអភិវឌ្ឍន៍ មានមនុស្សរស់នៅគឺមានតម្រូវការ ។

លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងបន្តទៀតថា ការកកើតសំណង់នៅប៉ែកខាងត្បូងជាសំណង់ថ្មី ដែលមានតម្លៃលើសពីមធ្យមភាគច្រើន។ ដូច្នេះតម្រូវការរបស់អ្នកមានមធ្យម និងលើមធ្យមគឺមានច្រើន គេធ្វើផ្សារដើម្បីផ្គត់ផ្គង់ឱ្យអ្នកទាំងអស់នោះ ជាទីផ្សារគោលដៅ ដែលបានធ្វើឱ្យតម្លៃដីនៅតំបន់នោះហក់ឡើងខ្លាំង។

លោកបន្តថា “យើងឃើញហើយ នៅតំបន់ភាគខាងត្បូងជុំវិញផ្សារ គោលដៅនោះគឺពាក់ព័ន្ធនឹងតម្លៃ អាចចន្លោះពី២០០០ដុល្លារទៅ ៣០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នៅក្នុងតំបន់ដែលសាងសង់ផ្សារនោះ។

ទោះជាយ៉ាងណាលោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានព្រលានថា ទំហំផ្សារទំនើបនៅកម្ពុជា នឹងកើនឡើងដល់៨៦ម៉ឺនម៉ែត្រការ៉េ​នៅដំណាច់ឆ្នាំ២០២១នេះ ដែលធ្វើឲ្យការប្រកួតប្រជែងមានការកើនឡើង។លោកស្រី​បន្តថា ទំហំផ្សារទំនើបបានកើនឡើងលើសតម្រូវការនៅតំបន់ខ្លះ ដែលធ្វើឲ្យផ្សារទំនើបខ្លះអាចពន្យាពេលបើកដំណើរការនៅចុងឆ្នាំ២០២១នេះ។

លោកស្រីបន្តថា “វាត្រូវការពេលវេលានៃការស្រូបយក អំណាចប្រើប្រាស់ពីអតិថិជន បើទោះកំលាំងទិញបានកើនឡើងក្តី ប៉ុន្តែវាមិនទាន់ដល់កម្រិតដែលយើងចង់បាន ពិសេសវាមិនទាន់ឆ្លើយតបនឹងការផ្គត់ផ្គង់នៅឡើយទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here