ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានក្រើនរំលឹកសាជាថ្មី ទៅកាន់អ្នកធ្វើសកម្មភាពនៃការសាងសង់សំណង់ ឬរុះរើសំណង់នានាចាំបាច់ ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់ដែលបានចែងជាកំហិត។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិក កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា យោងមាត្រា២៦ នៃច្បាប់ស្តីពីសំណង់ ដែលត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ រាល់ការងារសាងសង់ ឬរុះរើ ចាំបាច់ត្រូវតែមានលិខិតអនុញ្ញាតសាងសង់ជាមុន។
លោកបញ្ជាក់ទៀតថា “រាល់ការសាងសង់សំណង់សាធារណៈ (សំណង់របស់រដ្ឋ) និងសំណង់របស់ឯកជននានា ចាំបាច់ត្រូវតែមានលិខិតអនុញ្ញាតសាងសង់ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ឬពីអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាមទំហំក្រឡាផ្ទៃសំណង់ ដែលបានកំណត់ដោយអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់” ។
ពាក់ព័ន្ធទៅនឹងការជំរុញ និងកំណត់ឱ្យមានការអនុវត្តប្រកប ដោយប្រសិទ្ធភាពខ្ពស់ទៅលើច្បាប់សំណង់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យស្ដីពី លិខិតអនុញ្ញាតសាសង់សំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ ដែលមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក ដើម្បីលើកកម្ពស់គុណភាពសំណង់ បង្កើនជំនឿទុកចិត្តរបស់វិនិយោគិន រួមទាំងអ្នកអភិវឌ្ឍក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។
យោងតាមអនុក្រឹត្យដែលត្រូវបានផ្សព្វផ្សាយ នៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានចំនួន២០ទំព័រ ១២ជំពូក និង៥៤មាត្រា បានបញ្ជាក់យ៉ាងលម្អិតទៅលើសមត្ថកិច្ចនៃការគ្រប់គ្រងការអនុញ្ញាត និងការសម្រេចផ្សេងៗពាក់ព័ន្ធ ទៅនឹងសកម្មភាពនៃការសាងសង់ និងអភិវឌ្ឍសំណង់ផ្សេងគ្រប់ប្រភេទ ដែលស្ថិតនៅក្រោមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រី។
អនុក្រឹត្យដដែលបានបញ្ជាក់ពីបទប្បញ្ញត្តិទូទៅ ស្ថិតនៅក្នុងមាត្រា១បានកំណត់អំពីសមត្ថកិច្ច លក្ខខណ្ឌ និងនីតិវិធី ក្នុងការផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ លិខិតអនុញ្ញាតបើកការដ្ឋាន និងលិខិតបន្តសុពលភាព ដើម្បីធានាបាននូវគុណភាព សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន។
ជាមួយគ្នានេះ អនុក្រឹត្យក៏បានសង្កត់ធ្ងន់ ទៅលើសមត្ថកិច្ចនៃការការពារដីសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ធានាគុណភាព និងភាពត្រឹមត្រូវនៃការរៀបចំដែនដីនគរូបនីយកម្ម បង្ការ និងទប់ស្កាត់វិវាទក្នុងការងារសាងសង់ ឬរុះរើ ដើម្បីបង្កើនជំនឿទុកចិត្ត របស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម៕