អ្នកជំនាញៈទំហំនៃការផ្គត់ផ្គង់ផ្សារទំនើបឆ្នាំ២០២១ប្រឈមនឹងលើសតម្រូវការ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងភាពភ័យខ្លាចឆ្លងជំងឺកូវីដ១៩ រាល់ការទិញលក់មួយចំណែកធំត្រូវបានធ្វើឡើង តាមរយៈអនឡាញបានជះឥទ្ធិពលអាក្រក់ ដល់វិស័យទីផ្សារលក់រាយ នៅតាមបណ្តាផ្សារទំនើបនានា ជាពិសេសនៅក្នុងឆ្នាំ២០២១នេះ ខណៈដែលគម្រោងនៃការដាក់បញ្ចូលចំណែកថ្មីបន្ថែមមានទំហំផ្ទៃក្រឡារហូតដល់ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍បង្ហាញពីក្ដីបារម្ភថា ប្រសិនបើស្ថានភាពនៅតែបន្តដូចពេលបច្ចុ​ប្បន្ន ហើយបន្ថែមថ្មីនូវចំណែកទីតាំងលក់រាយ រហូតដល់ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េ នាដំណា​ច់ឆ្នាំ២០២១ នោះការផ្គត់ផ្គង់នៅក្នុងវិស័យមួយនេះនឹងលើសតម្រូវការ។

លោកស្រីបញ្ជាក់ថា “បច្ចុប្បន្ននេះ ការដាក់បញ្ចូលទីតាំងលក់រាយនៅក្នុងផ្សារទំនើ​បនៅកម្ពុជា កំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសប្រភេទផ្សារទំនើបបែបសហគមន៍ នៅតាមតំបន់ទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងអគារពាណិជ្ជកម្មផងដែរ”។ លោកស្រីបន្តថា “កំណើនៃការដាក់បញ្ចូលថ្មីបន្ថែមទាំងនេះកំពុងតែប្រឈមទៅនឹងវិបត្តិ នៃការផ្គត់ផ្គង់លើសពីតម្រូវការ ខណៈដែលបច្ចុប្បន្នអតិថិជនមួយចំនួនដែលនិយមទិញសម្ភារៈប្រើប្រាស់ ឬចំណីអាហារនៅតាមបណ្តាផ្សារទំនើបបានផ្លាស់ប្ដូរបែបបទ និងទម្លាប់របស់ខ្លួនដោយការទិញតាមអនឡាញ ដែលមានសេវាដឹកជញ្ជូនដល់លំនៅដ្ឋាន”។

សកម្មភាពទាំងនេះ គឺជាចំណែកមួយដែលអាចជះឥទ្ធិពលអវិជ្ជមាន ដល់វិស័យផ្សារទំនើប បន្ថែមពីលើអ្វីដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។

លោកស្រីអាន សុធីតា បានបញ្ជាក់ថា ផ្អែកតាមស្ថានភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ គួរតែមានការសម្រេចចិត្តជាថ្មី ក្នុងការដាក់បញ្ចូលចំណែកថ្មីនៃទីតាំងលក់រាយ ដែលស្ថិតនៅក្នុងគម្រោងរបស់ខ្លួន ជៀសវាងជួបហានិភ័យ ដែលអាចកើតមានក្នុងអត្រាខ្ពស់នៅចុងឆ្នាំ២០២១នេះ។ ជាក់ស្ដែងយើងឃើញថា ដោយសារតែបញ្ហានៃវិបត្តិកូវីដ មនុស្សជាច្រើនបានកាត់បន្ថយការចេញដើរ ដូច្នេះវាប៉ះពាល់ដល់វិស័យមួយនេះរួចទៅហើយ ម៉្យាងទៀតប្រសិនបើគម្រោងនៃការដាក់បញ្ចូលចំណែកថ្មី នៃទីតាំងលក់រាយក្នុងវិស័យផ្សារទំនើប ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េនៅចុងឆ្នាំនេះ វានឹងបង្កើនចំនួននៃការផ្គត់ផ្គង់សរុប រហូតដល់ជាង៦០ម៉ឺនម៉ែត្រការ៉េ ដែលជាចំនួនមួយលើសពីតម្រូវការគួរឱ្យព្រួយបារម្ភ។

គិតត្រឹមពាក់កណ្តាលត្រីមាសទី១ឆ្នាំ២០២១ យ៉ាងហោចណាស់មានគម្រោងផ្សារទំនើបចំនួន៦ បានបើកដំណើរការក្នុងដំណាក់ដំបូង  (soft launch) ដោយចំនួននេះរាប់បញ្ចូលទាំង ប្រភេទផ្សារសហគមន៍ និងផ្សារក្នុងអគារពាណិជ្ជកម្ម។ នៅក្នុងត្រីមាសនេះ តម្លៃទីតាំងលក់រាយ ដែលត្រូវបានដាក់ជួល គឺស្ថិតនៅកម្រិតថេរដូចគ្នាទៅនឹងឆ្នាំ២០២០កន្លងទៅ ពោលគឺមានតម្លៃចាប់ពី២០ដុល្លារអាមេរិក រហូតដល់៥០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅតាមទីតាំង និងប្រទេសផ្សារនីមួយៗ។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា  សម្រាប់ទីផ្សារទំនើប វាអាស្រ័យទៅលើសុវត្ថិភាព និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ ១៩ ។

លោកបញ្ជាក់ថា “បើស្ថានភាពវាមិនល្អ  មនុស្សនឹងទៅស្វែងរកទិញឥវ៉ាន់  ឬដើរកំសាន្ត ប៉ុន្តែនៅពេលមានបញ្ហាមនុស្សមួយចំនួន នៅមានភាពរអាមួយរយៈដែរ”។

លោក ច្រឹក សុនីម បានទទួលស្គាល់ដែរថា ចំពោះការជួលតូបលក់ដូរនៅក្នុងផ្សារទំនើបនេះនៅតែមានជាធម្មតា នៅក្នុងកាលៈទេសៈនេះ ហើយចំពោះអ្នកដែលជួលរួចហើយ ក៏នៅតែបន្តការលក់ដូររបស់ខ្លួនជាប្រក្រតីដែរ ប៉ុន្តែចំពោះការដាក់បញ្ចូលចំណែកថ្មីនៃទីតាំងលក់រាយអាចប្រឈមនឹងវិបត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here