ដោយៈ ប៊ី
ភ្នំពេញៈ ពិភពលោកកំពុងចាកចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ ដោយសារវិបត្តិកូវីដ១៩ ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត។ នេះបើយោងតាមសំណេររបស់លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលត្រូវបានសារព័ត៌មាន CNN យកមកចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរបស់ពិភពលោក នឹងកើនឡើងដល់៥.៥ភាគរយនៅឆ្នាំនេះ និង៤,២ភាគរយនៅឆ្នាំ២០២២។ ប៉ុន្តែកំណើននេះ នឹងមិនមានភាពប្រាកដប្រជា។ ភាគច្រើននៃពិភពលោក កំពុងប្រឈមមុខនឹងការទទួលបានវ៉ាក់សាំងយឺតៗ ខណៈជំងឺកូវីដ១៩ បម្លែងខ្លួនប្រភេទថ្មី កំពុងតែរីករាលដាល ហើយក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកំពុងមានភាពគ្រោះថ្នាក់នៅទូទាំងប្រទេស និងតំបន់ជាច្រើន។
តាមពិត សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅលើផ្លូវមួយដ៏ពិបាក។ សំណួរគឺថា តើអ្នកនយោបាយនៅពិភពលោក នឹងចាត់វិធានការដើម្បីទប់ស្កាត់វិបត្តិដ៏នេះឬទេ?។
ដូចដែលការកត់សំគាល់របស់យើង ចំពោះកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G20 និងទេសាភិបាលធនាគារកណ្តាលនាពេលថ្មីៗនេះ ចង្អុលបង្ហាញថា វាមានហានិភ័យធំមួយ ដែលនៅពេលប្រទេសសេដ្ឋកិច្ចជឿនលឿន និងប្រទេសកំពុងរីកចម្រើនមួយចំនួនងើបឡើងវិញលឿនជាងគេ ខណៈបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន នឹងដើរថយក្រោយ ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។
នេះមិនត្រឹមតែធ្វើឱ្យសោកនាដកម្ម កាន់តែអាក្រក់ទៅៗដល់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរងទុក្ខផ្នែកសេដ្ឋកិច្ចរបស់ប្រទេស ដែលងាយរងគ្រោះបំផុតផងដែរ។
យើងប៉ាន់ប្រមាណថា នៅចុងឆ្នាំ២០២២ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅប្រទេសជឿនលឿន នឹងមានកំណើន១៣ភាគរយទាបជាងការព្យាករណ៍ មុនពេលមានវិបត្តិសេដ្ឋកិច្ច បើប្រៀបធៀបជាមួយ១៨ភាគរយ សម្រាប់ប្រទេសប្រាក់ចំណូលទាប និង២២ភាគរយ សម្រាប់ប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍដោយមិនរាប់បញ្ចូលប្រទេសចិន។ ផលប៉ះពាល់ដល់ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ ដែលត្រូវបានប៉ាន់ស្មាននេះ នឹងកើតឡើងដល់រាប់លាននាក់ នៃចំនួនប្រជាជនក្រីក្របំផុត នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ម៉្យាងវិញទៀត ការបង្រួបបង្រួមរវាងប្រទេសនានា ត្រូវយកចិត្តទុកដាក់បន្ថែមទៀតទេ។ មុនពេលមានវិបត្តិយើងបានព្យាករណ៍ថា គម្លាតប្រាក់ចំណូលរវាងសេដ្ឋកិច្ចជឿនលឿន និងប្រទេសចំនួន១១០កំពុងរីកចម្រើន និងកំពុងអភិវឌ្ឍនឹងរួមតូចនៅចន្លោះឆ្នាំ២០២០ និង២០២២។ ប៉ុន្តែឥឡូវនេះយើងប៉ាន់ស្មានថា មានតែ៥២ប្រទេសសេដ្ឋកិច្ចប៉ុណ្ណោះ ដែលនឹងទទួលបានកំណើនក្នុងកំឡុងពេលនេះ ខណៈ៥៨ប្រទេសត្រូវបានកំណត់ថានឹងមានភាពយឺតយ៉ាត។
នេះជាផ្នែកមួយ ដោយសារតែការទទួលបានវ៉ាក់សាំងមិនស្មើគ្នា។ សូម្បីតែនៅក្នុងសេណារីយ៉ូដែលល្អបំផុតក៏ដោយ ក៏ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន ត្រូវបានរំពឹងថានឹងទទួលបានការចាក់វ៉ាក់សាំង ពេញលេញនៅចុងឆ្នាំ២០២២ ឬរយៈពេលយូរទៅមុខទៀត។ វិស័យខ្លះត្រូវបានប៉ះពាល់ ជាពិសេសទៅនឹងវិស័យ ដែលរងគ្រោះខ្លាំងបំផុត ដូចជាវិស័យទេសចរណ៍ និងការនាំចេញប្រេង ហើយភាគច្រើននៃវិស័យទាំងនេះ ត្រូវបានរារាំងដោយសារវិបត្តិ។
សេដ្ឋកិច្ចសកលនឹងមិនងើបឡើងវិញទេ ប្រសិនបើយើងមិនចែកចាយវ៉ាក់សាំងទៅប្រទេសកំពុងអភិវឌ្ឍន៍ឱ្យបានពេញលេញ។ លោកស្រី Kristalina បានលើកឡើងចំណុចសំខាន់ដូចខាងក្រោមៈ
ទី១) បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់វិបត្តិសុខភាព
យើងដឹងហើយថា ជំងឺរាតត្បាតមិនមាននៅគ្រប់ទីកន្លែងទេ ខណៈពេលដែលការឆ្លងថ្មីនៅទូទាំងពិភពលោក បានធ្លាក់ចុះនាពេលថ្មីៗនេះ យើងមានការព្រួយបារម្ភថា ការចាក់វ៉ាក់សាំងជាច្រើនជុំ អាចត្រូវការជាចាំបាច់ ដើម្បីការពារភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ១៩បម្លែងខ្លួនថ្មី។
នេះហើយជាមូលហេតុ ដែលយើងត្រូវការកិច្ចសហការអន្តរជាតិ ខ្លាំងជាងមុន ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនៅក្នុងប្រទេសក្រីក្រ។
ទី២) បង្កើនការប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច
ដឹកនាំដោយបណ្តាប្រទេស G20 ពិភពលោកបានចាត់វិធានការ ដែលមិនធ្លាប់មាន រួមទាំងសកម្មភាព សារពើពន្ធជិត១៤ទ្រីលានដុល្លារ។ រដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការខិតខំទាំងនេះ ដោយបន្តផ្តល់ការគាំទ្រសារពើពន្ធ។
ទី៣)បង្កើនការគាំទ្រដល់ប្រទេសងាយរងគ្រោះ
ដោយសារធនធានមានកំណត់ និងគោលនយោបាយរបស់ពួកគេ ប្រទេសដែលកំពុងរីកចម្រើន និងប្រទេសមានប្រាក់ចំណូលទាប អាចនឹងត្រូវប្រឈមមុខជាមួយនឹងជំរើសមួយ រវាងការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការដោះស្រាយវិបត្តិសេដ្ឋកិច្ច និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជន។
ភាពងាយរងគ្រោះនេះ មិនត្រឹមតែប៉ះពាល់សេដ្ឋកិច្ច របស់ប្រទេសងាយគ្រោះនោះទេ ប៉ុន្តែវាថែមទាំងបង្កផលប៉ះពាល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលផងដែរ។
ជំហានដំបូង រដ្ឋាភិបាលនៅប្រទេសផ្ទាល់ខ្លួន បង្កើនប្រាក់ចំណូលក្នុងស្រុក ធ្វើឱ្យការចំណាយសាធារណៈកាន់តែមានប្រសិទ្ធិភាព និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិមានសារសំខាន់ ក្នុងការបង្កើនហិរញ្ញប្បទានសម្បទាន និងការផ្តល់ហិរញ្ញប្បទានឯកជនបន្ថែមទៀត៕