ក្រសួងទេសចរណ៍បន្តពង្រឹងធនធានមនុស្សលើជំនាញបដិសណ្ឋារកិច្ចដំណាក់កាលទី២ដោយផ្តោតលើតំបន់ភូ​មិភាគឥសាន្ត

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងទេសចរណ៍ បានធ្វើការយ៉ាងជិតស្និតជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្ត និងបានបណ្តុះបណ្តាលយុវជនលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងដំណាក់កាលទី២ ដើម្បីលើកស្ទួយធនធានមនុស្សក្នុងវិស័យនេះ។

យោងតាមរបាយការណ៍នៃកិច្ចប្រជុំបូកសរុប ការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោងបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា(ហូកា)កាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា គម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកាជំហានទី២ឆ្នាំ២០២០ -២០២៤បានកំពុងចាប់ផ្តើម ដោយផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ក្រុមយុវជនងាយរងគ្រោះ ម្ចាស់អាជីវកម្មទេស​​ចរណ៍ អាជីវកម្មខ្នាតតូច និងសហគមន៍អេកូទេសចរណ៍ នៅតាមបណ្តាខេត្តគោលដៅចំនួន៥រួមមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី។

គម្រោងបណ្តុះបណ្តាលនេះ មានទិសដៅចម្បងគឺលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន តាមរយៈការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ការពង្រឹងអាជីវកម្ម គុណភាពសេវាកម្មទេសចរណ៍ និងការកសាងវិថីអភិវឌ្ឍន៍ដល់អ្នកជំនាញទេស​ចរណ៍ដើម្បីឆ្ពោះទៅការសិក្សាពេញមួយជីវិត។

លោកប៉ាក់ សុខុម  រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន មាន ប្រសាសន៍ ថា កម្មវិធី នេះ នឹង ផ្តល់ ឱ្យ យុវជន នូវ ជំនាញ វិជ្ជាជីវៈ  បង្កើតឱកាស ការងារ  និង ប្រាក់ ចំណូល ។សម្រាប់ជំហ៊ានទី ២ នៃកម្មវិធីនេះយុវជននៅក្នុងខេត្តដែលបានជ្រើសរើសនឹងត្រូវបានផ្តល់នូវជំនាញបដិសណ្ឋារកិច្ចដើម្បីពួកគេអាចទទួលបានការងារធ្វើ” ។

លោកបន្តថា កម្មវិធីនេះក៏នឹងជួយពង្រឹងមន្រ្តីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍របស់ប្រទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here