រដ្ឋាភិបាល​បាន​ពង្រីក​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​ចំនួន១៩២ ក្នុងការ​ពង្រីក​ការដឹកជញ្ជូន​ទំនិញ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ កម្ពុជា​បាន​បង្កើន​ទំនុកចិត្ត ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក និង​បាន​បង្កើន​កិច្ចទំនាក់ទំនង​ក្នុងនាម​ជា​ដៃគូ លើ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​សរុប​ចំនួន ១៩២ប្រទេស ហើយក៏​សមាជិក​របស់ UBU ដែលមាន​ប្រព័ន្ធគ្រប់គ្រង EMS  អាច​អនុញ្ញាតឱ្យ​អតិថិជន ឆែក​មើល​អីវ៉ាន់​បញ្ញើរ​របស់​ខ្លួន ទៅដល់​គោលដៅ​ណាមួយ​បាន​យ៉ាង​ងាយស្រួល។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ លោក​ជា ចាន់​ដា​រ៉ា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ​ថា សេវាកម្ម​ដឹកជញ្ជូន​ទំនិញ ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ព្រោះ​ផលិតផល​មួយចំនួនធំ​គ្មាន​អ្នកបញ្ជា​ទិញ។

លោក​បញ្ជាក់ថា “វិស័យ​ដឹកជញ្ជូន​ទំនិញ​កម្ពុជា អាច​នឹង​ងើបឡើង​ល្អប្រសើរ​វិញ​បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩មាន​ភាព​ធូរស្រាល ខណៈដែល​បច្ចុប្បន្ន​កម្ពុ​ជា​នៅតែ​ជា​ប្រទេស​គោលដៅ​យ៉ាងសំខាន់ ដែលមាន​ភាព​ទាក់ទាញ​អ្នកវិនិយោគទុនថ្មីៗបន្ថែម” ។ លោក​បន្តថា “កម្ពុជា ក៏​ជា​ប្រទេស​នាំចេញ​ផលិតផល​កសិកម្ម កាន់តែច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយសារ​រាជរដ្ឋាភិបាល​បាន​កំពុង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ការនាំចេញ ហើយ​ក្រៅពីនេះ​រាជរដ្ឋាភិបាល ក៏បាន​ជំរុញ​ពង្រីក​ទីផ្សារ​ក្រៅប្រទេស​បន្ថែមទៀត តាមរយៈ​នៃ​ការចុះ​កិច្ចព្រមព្រៀងផ្សេង” ។

លោក​ជា ចាន់​ដា​រ៉ា បាន​បញ្ជាក់ថា កន្លងមកនេះ សមាគម​បាន​ចុះ​អនុស្សារណៈ​ជាមួយ​ប្រៃសណីយ៍​កម្ពុជា ដើម្បី​ផ្សារភ្ជាប់​សេវា​ដឹកជញ្ជូន​ទំនិញ​ឲ្យ​បាន​រហ័ស និង​មាន​ទំនុកចិត្ត។ ក្រៅពីនេះ សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ ក៏បាន​ចុះ​អនុស្សារណៈ​បន្ថែម​ជាមួយ​គណៈកម្មាធិការ​ជាតិ ជំរុញ​ភូមិ​មួយ​ផលិតផល​មួយ​ជាដើម។

លោក​បន្តថា “យើង​ជឿជាក់ថា បន្ទាប់ពី​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​ត្រូវបាន​ផុតរលត់ វិស័យ​ដឹង​ជញ្ជូន​របស់​កម្ពុជា​នឹងមាន​ការកើនឡើង​ខ្ពស់ ទាំង​ការដឹកជញ្ជូន​តាម​គោក ផ្លូវទឹក និង​ផ្លូវអាកាស” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here