ដំណឹង​ល្អៈ កម្ពុជា​បាន​ដំណើរការ​បូម​ប្រេង​ចំនួន ៤អណ្តូង បន្ថែមទៀត

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាងថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី​ទាញយក​រ៉ែ​ប្រេង និង​ឧស្ម័ន​នៅ​អណ្តូង​ចំនួន ៤ទៀត ដែល​ធ្វើ​ឲ្យ​បរិមាណ​ប្រេង​ទទួលបាន កើន​ដល់​ចំនួន ៧៥០០បារ៉ែល​ក្នុង​មួយថ្ងៃ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល​លោក​ជៀប សួរ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន​នេះ​បាន​ដំណើរការ​អ​ណ្តួ​ង​បូម​ប្រេង​ចំនួន៤ បន្ថែមទៀត​ក្នុង​អណ្តូងប្រេង A-01D នៃ​ផ្លាត​ហ្វ​ម នៅ​តំបន់​ប្រេង​អប្សរា​ក្នុង​ប្លុក A នៃ​បា​សាំង​ខ្មែរ បន្ទាប់ពី​អណ្តូង​ទី១ បាន​ដំណើរ​កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំមុន។

លោក​បន្ថែមថា “ការ​ដំណើរការ​អណ្តូងប្រេង​ទាំង៥នេះ កម្ពុជា​អាច​ផលិត​ប្រេង​បាន​ចំនួន ៧៥០០បារ៉ែល​ក្នុង១ថ្ងៃ” ។ លោក​ថ្លែងថា “ប្រសិនបើ អណ្តូង​ទាំង៥នេះ ដំណើរ​ការល្អ គេ​នឹង​ធ្វើការ​ខួង​អ​ណ្តួ​ង​បន្ថែម​ជា​បន្តបន្ទាប់ ទៅតាម​ផែនការ​របស់គេ” ។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ធនធាន​ដែល​ទទួលបាន​ពី​ប្រេង មិនទាន់មាន​ឥ​ទ្ឋិ​ពល​ជា​ដុំកំភួន​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​នៅឡើយ​ទេ ដោយសារ​មួយឆ្នាំ​កម្ពុជា​ទទួលបាន​ទឹកប្រាក់​ពី​ប្រេង ដែល​បូម​បាន​មាន​ប្រមាណ៣០លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ក៏មាន​ចម្ងល់​ផងដែរ​ថា ហេតុអ្វី​តម្លៃ​ប្រេង​នៅតែមាន​តម្លៃ​ថ្លៃ​នៅ​កម្ពុជា បើទោះជា​កម្ពុជា​អាចមាន​ល​ទ្ឋ​ភាព​បូម​ប្រេង​បាន​ដោយ​ខ្លួនឯង​ហើយ​នោះ?៕

LEAVE A REPLY

Please enter your comment!
Please enter your name here