តើកម្ពុជាទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិនយ៉ាងដូចម្ដេច ?

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនតាមរយៈការបង្ហូរទុនវិនិយោគរបស់ក្រុមហ៊ុនចិន ការបើកទីផ្សារទូលាយសម្រាប់ទទួលយកនូវផលិតផលក្នុងក្រមខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមជាមួយនឹងការបន្ត ផ្តល់នូវជំនួញលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃដើមសប្ដាហ៍នេះថា ទោះបីជាក្នុងបរិបទជំងឺកូវីដ-១៩ រាតត្បាតជាសកលក៏ដោយ កម្ពុជានៅតែទទួលផលប្រយោជន៍ពីរដ្ឋាភិបាលចិន ជាពិសេសតាមរយៈគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយផ្លូវមួយរបស់ប្រទេសចិនដែលកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន។

លោកបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗក្រោមគម្រោងរបស់ចិននៅតែដំណើរការជាធម្មតានៅកម្ពុជា ដូចជាការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការសាងសង់គម្រោងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ រួមជាមួយនឹគម្រោងអភិវឌ្ឍន៍ និងវិនិយោគធំៗជាច្រើនទៀតនៅក្នុងវិស័យអចលនទ្រព្យ ដែលវាមិនប៉ះពាល់ដល់ដំណើរការដោយសារតែកូវីដ-១៩នោះទេ។ បញ្ហាកូវីដវារារាំងតែការធ្វើដំណើររបស់មនុស្សប៉ុណ្ណោះ មិនអាចបានរាំងស្ទះដល់ហិរញ្ញវត្ថុ និងទំនិញទេ។ ក្រៅពីនេះ សមិទ្ធផលអគារខ្ពស់ៗជាច្រើននៅខេត្តព្រះសីហនុ ក្រោមការវិនិយោគរបស់ចិនបានបង្ហាញកាន់តែច្បាស់ថា ពុំមានអ្វីរាំងស្ទះដល់ការអភិវឌ្ឍនោះទេ។

លោកបណ្ឌិតបន្តថា “កម្ពុជាកំពុងត្រៀមខ្លួនទទួលយកនូវផ្លែផ្កាពីមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិននៅឆ្នាំ២០២១នេះ ជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលត្រូវបានចុះហត្ថលេខា និងអនុវត្តជាបណ្តើរៗមកហើយ ប៉ុន្តែកម្ពុជាក៏ត្រូវពង្រឹងសមត្ថភាព ផ្តោតលើធនធានមនុស្ស ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងមួយនេះពីប្រទេសចិនឱ្យបានកាន់តែច្រើនថែមទៀត”។

កាលពីឆ្នាំ២០២០កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនសម្រេចបានជាង៨ពាន់លានដុល្លារ ដែលក្នុងនោះទំនិញភាគច្រើនដែលមានតម្រូវការទីផ្សាររបស់ចិនពីកម្ពុជារួមមានផលិតផលកសិកម្ម និងផលិតផលកែច្នៃនានា ដូចជា កែច្នៃពីផលកសិកម្ម ផលិតផលធ្វើពីស្បែក សម្លៀកបំពាក់ ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់គ្រប់ប្រភេទ ដែលជាទំនិញនាំមុខរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here