វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាបានបន្តធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ២០២១នេះ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២១កន្លងទៅនេះ ការដឹកជញ្ជូនតាមជើងហោះហើររបស់កម្ពុជានៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយក្នុងនោះអត្រានៃចំនួនអ្នកដំណើរធ្លាក់ចុះរហូតដល់៩៧ភាគរយ ហើយការដឹកទំនិញបានបន្តធ្លាក់ចុះប្រមាណ២៦,៤ភាគរយ។

តាមរបាយការណ៍របស់ Cambodia Airports បានបង្ហាញថា ចរាចរណ៍តាមផ្លូវអាកាសក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២១នេះ នៅបន្តធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នៅក្នុងនោះ ចំនួនអ្នកដំណើរមានការធ្លាក់ចុះនេះមានចំនួនសរុប ៩៧ភាគរយ ខណៈចំនួនទំនិញធ្លាក់ចុះ ២៦,៤ភាគរយ។ ។

ដោយឡែក យោងតាមទិន្នន័យពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជាទទួលបានអ្នកដំណើរក្នុងស្រុក អន្តរជាតិ និងអ្នកដំណើរឆ្លងកាត់សរុបចំនួន ២,១៣លាននាក់ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ ៧៩ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។ ជារួម វិស័យអាកាសចរណ៍កម្ពុជា ក៏ដូចជាពិភពលោកនៅតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩នៅឡើយ ដែលបញ្ហានេះបានជះឥទ្ឋិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលកន្លងទៅថ្មីៗនេះថា វិស័យអាកាសចរណ៍នៅកម្ពុជា កំពុងតែមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ ដោយសារជំងឺកូវីត១៩ ដែលបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់កម្ពុជានោះទេ ប៉ុន្តែប៉ះពាល់ដល់ពិភពលោកទាំងមូល។

លោកបន្តថា “យើងមិនអាចទស្សន៍ទាយ ពីពេលវេលាល្អប្រសើរឡើងនោះទេ ដរាបណាជំងឺនេះ នៅតែរីករាលដាល ប៉ុន្តែយើងរំពឹងថាអ្វីៗនឹងល្អប្រសើរ បន្ទាប់ពីវ៉ាក់សាំងកូវីដ១៩ ត្រូវបានចែកចាយទូលំទូលាយ ធ្វើឲ្យមនុស្សលែងភ័យខ្លាច ហើយហ៊ានធ្វើដំណើរឡើងវិញ”។
លោកបញ្ជាក់ថា វិស័យនេះនៅតែត្រូវការពេវេលា ព្រោះពេលនេះការធ្វើដំណើរទូទាំងពិភពលោក ត្រូវបានកាត់បន្ថយជាអតិបរិមា ដោយសារការភ័យខ្លាចជំងឺនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here