ដោយៈ រ៉ាណេត
ភ្នំពេញៈ ទោះជាស្ថិតនៅក្នុងស្ថានភាព នៃការប្រឈមនឹងព្រឹត្តិការណ៍ ២០កុម្ភៈនាពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់សកម្មភាពសាងសង់ និងអភិវឌ្ឍគម្រោងលំនៅដ្ឋាននៅតាមតំបន់ជាយក្រុងនៅតែបន្ត ខណៈដែលចរន្តនៃការទិញ លក់មានការធ្លាក់ចុះបន្តិចបើប្រៀបធៀបទៅនឹងចុងឆ្នាំ២០២០ ឬដើមឆ្នាំត្រីមាសទី១ ឆ្នាំ២០២១។
លោកទិត្យ ធារិទ្ធ នាយកទីផ្សារក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ RITH Realty បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះថា ចាប់តាំងពីកើតមានព្រឹត្តិការ២៣វិច្ឆិកា រហូតមកការលក់គម្រោងលំនៅដ្ឋានមានការធ្លាក់ចុះបន្តិច បើធៀបទៅនឹងចុងឆ្នាំ២០២០ និងក្នុងខែមករា ឆ្នាំ២០២១។
លោកបញ្ជាក់ថា “ខ្ញុំនិយាយតែគម្រោងដែលខ្ញុំកាន់ នៅតំបន់ព្រែកកំពឺសនាពេលបច្ចុប្បន្ន ការលក់មានការធ្លាក់ចុះបន្តិច ព្រោះមិនសូវមានមនុស្សមកមើលគម្រោងដូចមុននោះទេ”។
លោកបន្តថា កាលពីចុងឆ្នាំ២០២០ ទោះជាស្ថិតនៅក្នុងភាពប្រឈមនឹងកូវីដ ក៏មានមនុស្សចូលមកមើលគម្រោង និងទិញគម្រោងខ្លះៗ ប៉ុន្តែចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈរហូតមក គឺស្ងាត់តែម្ដង សូម្បីតែអ្នកទាក់ទងតាមបណ្តាញផ្សព្វផ្សាយ អេឡិចត្រូក ឬ Facebook ក៏មិនសូវមានដែរ។
លោកបានបន្ថែមថា “ខ្ញុំគិតថាមិនមែនមានតែគម្រោងដែលខ្ញុំកាន់នេះទេ ដែលមានសភាពស្ងប់ស្ងាត់ ទោះជាគម្រោងដទៃទៀតក៏ស្ងាត់ដូចគ្នា ព្រោះពេលមនុស្សកាត់បន្ថយការចេញក្រៅ ហើយមានភាពភ័យខ្លាចរអារ ក្នុងជួបជជែកជាមួយអ្នកមិនស្និទ្ធស្នាលដូចពេលមុននោះទេ ប៉ុន្តែទោះជាការលក់មានភាពស្ងប់ស្ងាត់ពិតមែន តែការសាងសង់សំណង់ក្នុងគម្រោងគឺនៅតែបន្ត គ្រាន់តែមិនសូវសម្រុកដូចមុនខ្លាំង”។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា សម្រាប់ទីផ្សារលំនៅដ្ឋានមិនថា ចំពោះពេលនេះ ឬបន្តទៅថ្ងៃខាងមុខ ក្នុងរយៈពេល៥ទៅ១០ឆ្នាំទៀត តម្រូវការនៅតែបន្តមាន និងរក្សាបានលំនឹងដដែល។
លោកស្រីបញ្ជាក់ថា “នៅក្នុងវិស័យអចលនទ្រព្យ ផ្នែកលំនៅដ្ឋានគឺជាគោលដៅឈានមុខគេ និងមានតម្រូវការទីផ្សារក្នុងរយៈពេលយូរ ព្រោះមនុស្សត្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅ ហើយតម្រូវការនេះនៅតែបន្តកើនឡើងជាលំដាប់ ហើយកំណើននៃចំនួនផ្គត់ផ្គង់ក៏នៅមិនទាន់គ្រប់គ្រាន់នៅឡើយ”។
លោកស្រីអាន សុធីតាបានបន្តថា បច្ចុប្បន្ន ស្របទៅនឹងសកម្មភាពនៃការសាងសង់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋាន ទាំងកម្រិតខ្ពស់ និងកម្រិតមធ្យម សម្រាប់តែក្រុមហ៊ុន CBRE Cambodia មានគម្រោងជាច្រើនដែលទទួលលក់ផ្តាច់មុខ ដែលនៅក្នុងនោះរួមមានទាំងគម្រោងលំនៅដ្ឋានបែបបុរី និងគម្រោងលំនៅដ្ឋានបែបសហកម្មសិទ្ធិ ឬហៅថាខុនដូ ខណៈដែលទីផ្សារលំនៅដ្ឋានទាំងពីរប្រភេទនេះ នៅតែអាចរក្សាបាននូវស្ថានភាពល្អប្រសើរជាងគេនៅពេលបច្ចុប្បន្ននេះ។
បន្ថែមពីនេះ លោកស្រីក៏បានអះអាងផងដែរថា តម្រូវការបុរីលំនៅដ្ឋាននៅតែរក្សាបានដំណើរការល្អប្រសើរ ព្រោះម្ចាស់គម្រោងភាគច្រើន កំពុងទាក់ទាញអតិថិជនក្នុងស្រុក។ ចំណែកឯការអភិវឌ្ឍនៅតែរក្សាបានដំណើរការសាងសង់ និងមានបុរីខ្លះបានប្រគល់សោរជូនដល់អតិថិជនខ្លះទៅហើយ៕