ដោយៈ ម៉ាណេត
អន្តរជាតិៈ អ្នកវិភាគបានលើកឡើងថា គោលដៅរបស់ប្រទេសចិនសម្រាប់កំនើនសេដ្ឋកិច្ចជាង៦ភាគរយក្នុង២០២១ គឺមិនមានអត្ថន័យច្រើនទេ ពីព្រោះកំណើនសេដ្ឋកិច្ចប្រទេសនេះអាចទៅដល់បានដោយងាយ ប៉ុន្តែវាក៏មិនជារឿងអាក្រក់នោះទេ។ នេះបើយោងតាមសារព័ត៌មាន CNBC នៅថ្ងៃទី១២ ខែមីនា ឆ្នាំ០២១ ។
លោក Michael Hirson អ្នកវិភាគនៅក្រុមហ៊ុន Eurasia Group ប្រចាំប្រទេសចិន និងអាស៊ីខាងជើងភាគខាងកើតបានថ្លែងថា “វាស្ទើរតែដូចគ្នានឹងការមិនមានការកំណើតគោលដៅ សម្រាប់កំណើនសេដ្ឋកិច្ចនៅទីនោះ (ចិន) ពីព្រោះវាជាគោលដៅងាយនឹងសម្រេចបាន” ។
លោក Simon Baptist ប្រធានផ្នែកសេដ្ឋវិទូនៅស្ថាប័ន The Economist Intelligence Unit (EIU) បានលើកឡើងដូចគ្នាជាមួយនឹងលោក Michael Hirson ។
លោកបានថ្លែងថា “គោលដៅក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចនេះ គឺវាងាយស្រួលខ្លាំងណាស់សម្រាប់ប្រទេសមួយនេះ។ វាដូចជាគោលដៅ ដែលអ្នកមានស្រាប់ ប៉ុន្តែអ្នកគ្រាន់តែមិនកំណត់វាប៉ុណ្ណោះ” ។
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសចិន កំពុងមានគោលបំណងពង្រីកសេដ្ឋកិច្ច ឱ្យបានច្រើនជាង៦ភាគរយនៅឆ្នាំនេះ។ លោកបានថ្លែងបែបនេះ នៅក្នុងពិធីបើកសមាជប្រជាជនជាតិចិន។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅល្ងាចថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍នេះនៅឯការប្រជុំសភាប្រចាំឆ្នាំ លោកLi Keqiang និយាយថា គោលដៅរបស់ប្រទេសចិន មិនទាបទេ ហើយគោលដៅឆ្នាំ២០២១ គួរតែត្រូវគ្នានឹងឆ្នាំ២០២២ ដើម្បីចៀសវាងការធ្លាក់ចុះណាមួយ។
លោកនាយករដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា “ជាមួយកំណត់គោលដៅកំនើនផលិតផលសរុបក្នុងស្រុក លើស៦ភាគរយ យើងបានទុកលទ្ធភាពបើកចំហ ដែលមានន័យថា អាចនឹងមានកំណើនកាន់តែលឿនថែមទៀត” ។
យោងតាមលោក Baptist បានឱ្យដឹងថា ស្ថាប័ន EIU ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងមានប្រហែល ៨.៥ភាគរយនៅឆ្នាំនេះ ខ្ពស់ជាងគោលដៅផ្លូវការរបស់ចិន២ភាគរយ៕