ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល បានជំរុញឱ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រូវព ន្លឿនការសិក្សាឱ្យបានឆាប់ ដើម្បីឈានទៅបង្កើត រោងចក្រចម្រាញ់ប្រេងក្នុងពេលខាងមុខ ដែលអាចឱ្យកម្ពុជាមានលទ្ធភាព ក្នុងការកែច្នៃប្រេងឆៅទៅជាផលិតផលសំរេច ដែលអាចប្រើប្រាស់លើវិស័យផ្សេងៗទៀត។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែម បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា បច្ចុប្បន្នកម្ពុជាកំពុងដំណើរការបូមប្រេងឆៅ នៅក្នុងតំបន់ប្រេងអប្សរាប្លុកAនៃបាសាំងខ្មែរយ៉ាងរលូន ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយ ក្នុងការបើកផ្លូវនៃឧស្សាហកម្មប្រេងរបស់កម្ពុជា។
នៅពេលដែលកម្ពុជា កំពុងផលិតប្រេងឆៅទាំងអស់នេះបាន គឺកម្ពុជាមិនទាន់មានរោងចក្រចម្រាញ់ប្រេងឆៅនៅឡើយនោះទេ ដោយប្រេងដែលបូមបាន គឺរាជរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមានសិទ្ធិ ពេញលេញលើការរុករកនិងផលិតប្រេងឆៅក្នុងប្លុកA សម្រាប់ដាក់ដេញថ្លៃប្រេងជាអន្តរជាតិ ដើម្បីលក់ទៅឱ្យក្រុមហ៊ុនបរទេសក្នុងតម្លៃមួយសមរម្យ ។
លោកបានរំលឹកថា កាលពីប៉ុន្មានឆ្នាំមុន រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទៅក្រុមហ៊ុនមួយ ដើម្បីសិក្សាវាយតម្លៃ ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាត ដែលមានកម្លាំងផលិតបាន ប្រហែល៥លានតោនប្រេងក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុននោះមិនទាន់មានដំណើរការអ្វីឡើយ ហើយបើសិនជាក្រុមហ៊ុននោះនៅតែមិនមានការវិវត្តន៍អ្វីល្អនោះទេ គឺរាជរដ្ឋាភិបាលនឹងបញ្ចប់អាជ្ញាប័ណ្ណ។
លោកបានបញ្ជាក់ថា “បើយើងមានរោងចក្រចម្រាញ់ប្រេងកាត យើងបានផលិតផលដែលចេញពីប្រេងកាតច្រើនណាស់ សម្រាប់ប្រើប្រាស់ទៅលើវិស័យផ្សេងៗទៀត។ ដូច្នេះជាគោលការណ៍ ជាគំនិតដែលយើងបានគិតថា ត្រូវជំរុញឱ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនេះ គឺគាត់ខិតខំបញ្ចប់ការសាងសង់រោងចក្រនេះឱ្យបាន ហើយបើសិនគាត់ធ្វើមិនបានទេ គឺយើងត្រូវរកក្រុមហ៊ុនផ្សេង ដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាតនេះឱ្យបាននៅពេលខាងមុខ”៕