ដោយ ៖ រ៉ាណេត
សៀមរាប៖ បើទោះជាកំពុងស្ថិតនៅក្នុងស្ថានភាពនៃការប្រឈម និងប្រឆាំងទៅនឹងការរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ ប៉ុន្តែសកម្មភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាទាំង៣៨ខ្សែនៅទូទាំងក្រុងសៀមរាបមិនបានផ្អាកនោះឡើយ ដោយជាលទ្ធផលរហូតមកដល់ពេលនេះសម្រេចបានប្រមាណ៣០ភាគរយ។ នេះបើតាមការបញ្ជាក់ពីលោកអភិបាលក្រុងសៀមរាប។
លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ជាលទ្ធផលនៃការស្ថាបនាផ្លូវថ្នល់នៅទូទាំងក្រុងសៀមរាបសម្រេចបានប្រមាណ៣០ភាគរយ ដោយក្នុងនោះរួមមានការឈូសឆាយពង្រីកផ្លូវចាស់ឱ្យធំ ការដាក់បណ្តាញទឹក និងបង្កប់បណ្ដាញលូបង្ហូរទឹកនៅតាមផ្លូវសំខាន់ៗក្នុងជំហានដំបូង។
លោកបានបញ្ជាក់ថា “ជារឿងៗថ្នាក់ដឹកនាំមន្ត្រីជំនាញ ដែលមានលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនចុះត្រួតពិនិត្យក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើនរំលឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តន៍ ឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់ខ្ពស់ផងដែរ”។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹក ភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។
គម្រោងនេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។
គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប ដើម្បី ពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាបច្ចេកទេសធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមានប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបានទាន់ពេលវេលា។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹក កខ្វក់ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសុវត្ថិភាព សុខ ភាពសាធារណៈ និងការអភិរក្សជីវចម្រុះ៕