រយៈពេល២ឆ្នាំកម្ពុជានាំចេញកង់ទៅកាន់ទីផ្សារសម្រេចបានទឹកប្រាក់ជិត ១០០០លានដុល្លារ

0

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះកម្ពុជា បាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិមានកំណើនគួរឱ្យកត់សម្គាល់ ដែលក្នុងឆ្នាំ២០១៩ និងឆ្នាំ ២០២០កន្លងទៅការនាំចេញកង់របស់កម្ពុជា មានចំនួនជាង៤,៣៣លានគ្រឿង គិតជាទឹកប្រាក់មានប្រមាណជាង៩៥០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ បើទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩ ក្តី តែការនាំចេញកង់រប់សកម្ពុជា នៅតែមានកំណើនបើធៀបនឹងឆ្នាំ ២០១៩ ។ ក្នុងឆ្នាំ២០២០ កម្ពុជានាំចេញកង់ ទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ២.៤៣៧.៦១៤គ្រឿង គិតជាទឹកប្រាក់មានចំនួនជាង៥៣១លានដុល្លារអាមេរិក ។

ប្រទេសដែលមានការនាំចូលកង់ពីកម្ពុជា ច្រើនជាងគេនោះគឺ ចក្រភពអង់គ្លេស និងបារាំង ។ ក្នុងឆ្នាំ២០២០ ចក្រភពអង់គ្លេសបាននាំចូលកង់ពីកម្ពុជា មានចំនួនជាង៨៤ម៉ឺនគ្រឿង គិតជាទឹកប្រាក់មានចំនួនជាង១៤៧លានដុល្លារអាមេរិក ។ ប្រទេសបារាំងបាននាំចូលកង់ពីកម្ពុជា ក្នុងឆ្នាំ២០២០ មានចំនួនជាងជិត៥០ម៉ឺនគ្រឿង គិតជាទឹកប្រាក់វិញមានចំនួនជាង១១៤លានដុល្លារអាមេរិក ។

របាយការណ៍ដដែលបានបង្ហាញផងដែរ ពីការនាំចេញកង់ក្នុងឆ្នាំ២០១៩ផងដែរ ដោយមួយឆ្នាំពេញ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន១.៨៩៧.៧៨៩គ្រឿង គិតជាទឹកប្រាក់មានចំនួនជាង៤១៩លានដុល្លារអាមេរិក ។ ប្រទេសដែលនាំចូលកង់ពីកម្ពុជាច្រើនជាងគេក្នុងឆ្នាំ២០១៩ គឺប្រទេសអាល្លឺម៉ង់ ដែលមានចំនួនជាង៦៣ម៉ឺនគ្រឿង គិតជាទឹកប្រាក់មានចំនួនជាង១៣២លានដុល្លារអាមេរិក។ បន្ទាប់គឺប្រទេសប៊ែល ហ្ស៊ិកបាននាំចូលកង់ពីកម្ពុជា មានចំនួន២០៨ពាន់គ្រឿង គិតជាទឹកប្រាក់វិញមានចំនួនជាង៧២លានដុល្លារអាមេរិក ។

លោកស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជាជាប្រទេ​សនាំចេញកង់ដ៏សំខាន់មួយ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសសហភាពអឺរ៉ុបនិងអាមេរិក ។ ទន្ទឹមនឹងការនាំចេញនេះដែរ កម្ពុជាក៏ជាប្រទេសនាំចូលកង់មកកម្ពុជាដែរ តែយើងមិនមានតួលេខច្បាស់លាស់ពីការនាំចូលកង់មកកម្ពុជានោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here