ដោយៈ រ៉ាណេត
ភ្នំពេញៈ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានជួយសម្របសម្រួលដល់វិស័យដឹកជញ្ជូននៅកម្ពុជា ជាមួយបណ្តាប្រទេសជិតខាងក្ដី ប៉ុន្តែភាពប្រឈមទៅនឹងវិបត្តិហិរញ្ញវត្ថុរបស់បណ្តាក្រុមហ៊ុន ដែលស្ថិតនៅក្នុងឧស្សាហកម្មមួយនេះ កំពុងកើតមាន និងអាចឈានទៅដល់ការបិទទ្វារក្រុមហ៊ុនទាំងស្រុង ប្រសិនបើការរាតត្បាតនៃបញ្ហាកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ នៅតែបន្តអូសបន្លាយពេលយូរទៀត។
ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា លោកស៊ិន ចន្ធីបានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នឹងបង្កផលប៉ះពាល់កាន់តែខ្លាំង ដល់ឧស្សាហកម្មដឹកជញ្ជូនកម្ពុជា ប្រសិនការឆ្លងនៃជំងឺដ៏កាចសាហាវនេះបន្តអូសបន្លាយកាន់តែយូរនោះ។
លោកបានបញ្ជាក់ថា “វិស័យដឹកជញ្ជូននៅកម្ពុជា បានរងផលប៉ះពាល់ជាងមួយឆ្នាំមកហើយ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប៉ុន្តែវាបានងើបឡើងវិញបន្តិចកាលពីចុងឆ្នាំ២០២០ ប៉ុន្តែពេលនេះវាបានធ្លាក់ចុះសាជាថ្មីម្ដងទៀត ដោយសារតែកម្ពុជាមានករណីផ្ទុះឡើងនូវការឆ្លងក្នុងសហគមន៍លើកទី៣ គឺព្រឹត្តិការណ៍ ២០កុម្ភៈដែលកំពុងបន្តការគំរាមកំហែងគួរឱ្យបារម្ភ”។
លោកស៊ិន ចន្ធីបានមានប្រសាសន៍ប្រាប់ឱ្យដឹងទៀតថា បច្ចុប្បន្ននេះមានក្រុមហ៊ុនដឹកជញ្ជូនកម្ពុជាមួយចំនួន កំពុងប្រឈមការកាត់បន្ថយបុគ្គលិករបស់ខ្លួន ក្នុងគ្រាដែលពួកគេ កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្លាក់ប្រាក់ចំណូល ហើយបើស្ថានភាពបែបនេះ នៅបន្តអូសបន្លាយយូរទៀត ក្រុមហ៊ុនភាគច្រើនអាចប្រឈមនឹងការបិទទ្វារតែម្ដង។
បច្ចុប្បន្ន ចំនួនសមាជិកនៅក្នុងសមាគមបញ្ជូនទំនិញកម្ពុជា មានប្រមាណ១២០ក្រុមហ៊ុន ដោយក្នុងនោះមានក្រុមហ៊ុនភាគច្រើន បានផ្អាកសកម្មភាពដឹកជញ្ជូនស្ទើរទាំងស្រុង។ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសធ្លាក់ចុះដល់ទៅជាង៩៥ភាគរយ ការដឹកជញ្ជូនតាមផ្លូវគោកធ្លាក់ចុះជាង១០ភាគរយ ហើយការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានកាត់បន្ថយចំនួននាវា ដោយសារតម្រូវការធ្លាក់ចុះ និងធ្វើឱ្យតម្លៃសេវាដឹកជញ្ជូនហក់ឡើងពី ៣-៥ដងនៅដើមឆ្នាំ២០២១នេះ៕