ចំណេះដឹង​ពាណិជ្ជ​កម្មៈ អ្នកវិនិយោគ​ទទួលបាន​កិច្ច​គាំពារ​ដូចម្តេច​ពី​ពី​មន្ត្រី​ពាណិជ្ជកម្ម​នៅតាម​បណ្តា​ខេត្ត

0

ដោយៈ រ៉ា​ណេ​ត  

ភ្នំពេញៈ យោងតាម​ភាព​រីកចម្រើន នៃ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម របស់​ប្រទេស​កម្ពុជា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្ដិ បាន​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់​មន្ទីរ និង​សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត ត្រូវធ្វើ​ការងារ​ឱ្យ​សកម្ម ដោយ​ត្រូវ​ពង្រឹង​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមានថ្មីៗ ទាក់ទង​នឹង​ក្រសួងពាណិជ្ជកម្ម​ជា​ចាំបាច់។

នៅក្នុង​គោលការណ៍​ដែល​បាន​ដាក់ចេញ លើ​ការជំរុញ​បន្ថែម​ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពីពេល​កន្លង​ទៅបាន​បញ្ជាក់ថា មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ចុះ​ពង្រឹង​ការអនុវត្ត​ប្រកា​សលេខ០៨១ ពណ ចបព ប្រក ចុះ​ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ស្តីពី​ការគ្រប់គ្រង និង​ការចេញ​លិខិតអនុញ្ញាត​ប្រកប​អា​ជីក​ម្ម សេវាកម្ម ពាណិជ្ជកម្ម សេចក្តីណែនាំ​ស្តីពី​យន្តការ និង​នីតិវិធី​ត្រួតពិនិត្យ​ទំនិញ។

– ត្រូវ​គ្រប់គ្រង​សកម្មភាព​អាជីវកម្ម លោហៈធាតុ​ត្បូងថ្ម មានតម្លៃ​ជា​គ្រឿងអលង្ការ និង​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ និង​ជាពិសេស​ប្រកាស​អន្តរក្រសួង លេខ២៥៧ ពណ ចបព ប្រក ចុះ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពី​ការប្រើប្រាស់​នាម​ករ​ណ៍ស​ហ​គ្រាស ក្រុមហ៊ុន នៅលើ​លិខិត​ឯកសារ ស្លាក​សញ្ញា​សម្រាប់​តាំង​បង្ហាញ ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងទេសចរណ៍។

ការអនុវត្ត​ទាំងនេះ ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ លើ​សកម្មភាព​អសកម្ម​របស់​អា​ជីករ និង​ជា​មុខមាត់​របស់​ប្រទេសជាតិ លើ​ករណី​មួយចំនួន ដូចជា ការលើក​ផ្លាក​យីហោ​ភោជនីយដ្ឋាន ស្ថានីយ៍​ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែង​កំសាន្ត និង​ទីតាំងផ្សេងៗទៀត ដែលមាន​លក្ខណៈ​មិន​សមស្រប តាម​លក្ខណៈ​ប​ចេ្ច​ក​ទេស ។ល។ កុំ​ចាំបាច់​តែ​ក្រុមការងារ​ពង្រឹង​មន្ទីរ​ចុះមក​ធ្វើ​ទេ ត្រូវ​ចេះ​ម្ចាស់ការ​ដោយ​ខ្លួនឯង។

– សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត ត្រូវធ្វើ​ការត្រួតពិនិត្យ ដោយ​អនុលោម​តាម​ខ្លឹម សារ​អនុក្រឹត្យ​លេខ២១ អនក្រ.បក ចុះ​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ឱ្យមាន​ប្រសិទ្ធភាព ស្ដីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការគ្រប់គ្រង​ហានិភ័យ។

– មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត ត្រូវ​ពិនិត្យ និង​តាមដាន​តម្លៃ​ទំនិញ និង​តម្លៃ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ដែល​បានកំណត់​តារាង​តម្លៃ ដែល​ចេញ​ដោយ​ក្រសួង។

– មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​ពិនិត្យ និង​តាមដាន​ការប្រកប​អាជីវកម្ម ដែល​មិនមាន​ការអនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម ឬ​ស្ថាប័ន​ពាក់ព័ន្ធ និង​ការប្រើប្រាស់​ឈ្មោះ និង​ស្លាក​សញ្ញា​ស្រដៀង​គ្នា នាំអោយមាន​ការយល់ច្រឡំ។

– មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​សហការ​ណ៍​ជាមួយ​អាជ្ញាធរខេត្ត លើ​អនុវត្ត​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ដែលថ្មីៗនេះ​រាជរដ្ឋាភិបាល បានចេញ​សេចក្តីសម្រេច​កាត់​មន្ត្រី​ថ្នាក់ស្រុក របស់​គ្រប់​មន្ទីរ ក្រសួង ស្ថាប័ន​ទាំងអស់ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម ក៏មាន​មុខងារ​មួយចំនួន បាន​ផ្ទេរ​ទៅឱ្យ​ថ្នាក់ស្រុក​សម្រាប់​អនុវត្ត​ផងដែរ តាមរយៈ​អនុក្រឹត្យ​លេខ១៨២ អនក្រ.បក ចុះ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ក្រុង និង​អនុក្រឹត្យ​លេខ១៨៤ អនក្រ.បក ចុះ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here