ដោយៈ រ៉ាណេត
ភ្នំពេញៈ កញ្ចប់ថវិកាកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន២៥០លានដុល្លារ ត្រូវបានអនុគណៈកម្មការវិស័យឯកជន បើកកិច្ចប្រជុំស្ដីពីការអនុវត្តកម្មវិធីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងការស្ដារសម្បទាសេដ្ឋកិច្ចឡងវិញ។
អនុគណៈកម្មការវិស័យឯកជននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះក្រោមវត្តមានរបស់លោកស្រី អ៊ុក ម៉ាលីទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញស្តីពី ការអនុវត្តកម្មវិធីឆ្លើយតប នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (COVID-19 Active Response and Expenditure Support Program- CARES) សហការរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កម្មវិធី CARES គឺជាកិច្ចព្រមព្រៀងឥណទានសម្បទា នរវាងរាជរដ្ឋាភិបាលកម្ពុជា និង ADB ក្រោមរូបភាពជាកម្ចីសម្បទានចំនួន២៥០លានដុល្លារ និងភ្ជាប់ជាមួយទឹកប្រាក់ក្រោមរូបភាព ជាជំនួយបច្ចេកទេស ដែលរួមបញ្ចូលកិច្ចគាំទ្រផ្នែកប្រឹក្សាផ្សេងទៀត។ កម្មវិធីនេះបានចែកជាសសរស្តម្ភចំនួន៣ រួមមាន ទី១ វិធានការសុខភាពដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ទី២ ជំនួយសង្គមដើម្បីបង្ការការកើនឡើងនៃភាពក្រីក្រ និង ទី៣ ការគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច (រួមមានឧបត្ថម្ភធនប្រាក់ឈ្នួលដល់កម្មកររោងចក្រ និងបុគ្គលិកវិស័យទេសចរណ៍ កម្ចីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម, ការបណ្តុះបណ្តាលជំនាញ និងសេវាកម្មការងារ)។
លោក Masatsugu Asakawa ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ធ្លាប់បានមានប្រសាសន៍ថា កម្ពុជាមានកំណត់ត្រានៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែCOVID-19 គំរាមធ្វើឲ្យថយចុះនូវការរីកចម្រើន ក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជាស្ត្រី និងកម្មករចំណាកស្រុក។ កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើការគាំទ្រ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។
លោកបន្តថា ប្រទេសកម្ពុជាងាយរងគ្រោះ ពីផលប៉ះពាល់អវិជ្ជមាននៃCOVID-19 ដោយសារសេដ្ឋកិច្ចបើកចំហ មូលដ្ឋានសេដ្ឋកិច្ចចង្អៀត និងប្រជាពលរដ្ឋចល័តច្រើន។ កំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះក្នុងឆ្នាំ២០២០ ដោយសារការថយចុះនៃវិស័យទេសចរណ៍ ការនាំចេញសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរតិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។ ហានិភ័យនៃការធ្លាក់ចុះនេះ អាចនឹងនាំឲ្យប្រជាពលរដ្ឋប្រមាណ១,៣លាននាក់ ទៀតធ្លាក់ក្នុងភាពក្រីក្រ៕