CMA រំពឹងថាការរៀបចំឥណទានឡើងវិញនឹងមានកំណើន ខណៈពលរដ្ឋកម្ពុជារងផលប៉ះពាល់ពីកូវីដកាន់តែច្រើន

0

ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ថែមពីលើវិធានការចាស់កាលពីឆ្នាំ២០២០ ដែលបានអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលនោះ សម្រាប់ឆ្នាំ២០២១នេះ ការរៀបចំឥណទានឡើងវិញជូនអតិថិជនរំពឹងថា នឹងមានកំណើនបន្ថែមទៀត ខណៈពលរដ្ឋកម្ពុជាដែលទទួលរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ដែលកំពុងបន្តរាតត្បាតនៅក្នុងសហគមន៍ មានកាន់តែច្រើន។

ប្រធាននាយកដ្ឋានទំនាក់ទំនងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លោកកាំង តុងងី បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា តាមទិន្នន័យរបស់សមាគមបានបង្ហាញថា ជាទូទៅក្នុងមួយសប្តាហ៍ការរៀបចំឥណទានឡើងវិញ ស្ថិតនៅក្នុងរង្វង់១ពាន់អតិថិជន ប៉ុន្តែសម្រាប់ការផ្ទុះរលកថ្មីទី៣នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ ចុងក្រោយនេះ សមាគមនៅមិនទាន់ទទួលបានព័ត៌មានផ្លូវការនៅឡើយ។
លោកបញ្ជាក់ថា “ផ្អែកតាមស្ថានភាពប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថា អតិថិជនមួយចំនួនបានរងនូវការប៉ះពាល់ ដោយសារព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារំពឹងថា ក្នុងពេលឆាប់ៗនេះ នឹងមានការកើនឡើងនៃការៀបចំឥណទានឡើងវិញជូនអតិថិជនបន្ថែមទៀត”។


ជុំវិញការរៀបចំឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរួមបញ្ចូលធនាគារចំនួន៤ផ្សេងទៀត ក្នុងនោះសម្រាប់អតិថិជន រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩គិតត្រឹមខែកុម្ភៈឆ្នាំ២០២១ មានអតិថិជនប្រមាណ២៩ម៉ឺននាក់ ទទួលបានការអនុម័តរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុប១៤០០លានដុល្លារ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានបង្ហាញពីគោលជំហរថា ស្ថិតនៅក្នុងស្ថានការណ៍នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានការបារម្ភអំពីសុខុមាលភាព និងប្រាក់ចំណូលរបស់អតិថិជន។ សមាគមនឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានការរីករាលនៃវិបត្តិនេះ និងឈានទៅរកការលុបបំបាត់ស្ថានភាពអាក្រក់ចុងក្រោយនេះ ហើយប្រសិនបើមានតម្រូវការរៀបចំឥណទានឡើងវិញ សមាគម និងជជែកពិភាក្សាអំពីការបន្តរៀបចំជូនអតិថិជន។


លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ថា ការៀបចំឥណទានឡើងវិញ ជាការចំណាយពេលវេលា និងធនធានរបស់ធនាគារឬស្ថាប័នមីក្រូហិរញ្ញវត្ថុជួយដល់អតិថិជន ដែលមិនបានផ្តល់ផលចំណេញដល់ស្ថាប័នហិរញ្ញវត្ថុនានានោះទេ តែជាការជួយដល់អតិថិជន និងជាការអនុវត្តនិងគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាល។
លោកបន្តថា “ការរៀបចំឥណទានឡើងវិញ ជាការជួយអតិថិជនកុំឲ្យគាត់ពិបាកក្នុងការសងត្រលប់ ដោយយើងទទួលយកសំណូមពររបស់គាត់ ទាក់ទងនឹងការបង់តែការប្រាក់ ឬប្រាក់ដើម”។លោកបន្តថា “ការជួយដល់អតិថិជន ដើម្បីឲ្យគាត់មានលទ្ឋភាពសងត្រលប់ តាមស្ថានភាពរបស់គាត់ ក៏ជាការធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុនានាអាចរីកចម្រើននិងអាចបន្តធ្វើការសហការគ្នាបានផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here