ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ថែមពីលើក្រុមហ៊ុនដែលមានស្រាប់ និងកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននៅមានក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍របស់កូរ៉េជាច្រើនវិស័យបាននិងកំពុងសិក្សាលម្អិតពីឱកាស និងពេលវេលាជាក់លាក់ក្នុងការជ្រើសយកម្ពុជាធ្វើជាគោលដៅរបស់ខ្លួន ដែលក្នុងនោះមានវិស័យចំនួន៣ឈានមុខរួមមាន វិស័យកសិ-ឧស្សាហកម្ម វិស័យកាត់ដេរ និងវិស័យអចលនទ្រព្យ។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះថា វាគឺជាដំណឹងល្អសម្រាប់កម្ពុជា ហើយវានឹងពិតជាអាចធ្វើទៅបានក្រោយពេលដែលកម្ពុជា-កូរ៉េបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ជាផ្លូវការ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិនដែលទើបចុះហត្ថលេខាកាលពីពេលថ្មីៗកន្លងទៅនេះ។
លោកឧកញ៉ាបានបន្តថា “កូរ៉េគាត់មានការចាប់អារម្មណ៍ខ្លាំងមកលើកម្ពុជាដោយសារតែបន្តិចទៀតយើងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ដែលបានបង្កភាពងាយស្រួលដល់បណ្តាក្រុមហ៊ុនផលិត និងធ្វើការនាំចេញ ហើយអ្វីដែលល្អបន្ថែមពីលើនេះ កម្ពុជាបានក្លាយជាគោលដៅភ្នាក់ងារក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិដូចជាទីផ្សារអង់គ្លេស ជាពិសេសទីផ្សារចិនដែលមានរហូតដល់ប្រមាណ១៤០០លាននាក់ ហើយក៏មានទីផ្សារនៅតាមណ្តាប្រទេសផ្សេងមួយចំនួនទៀតដោយរួចពន្ធមួយចំនួនធំ”។
លោកឧកញ៉ាថា “មានវិស័យចំនួន៣សំខាន់ៗដែលកូរ៉េនឹងចូលមកវិនិយោគ រួមមានវិស័យអចលនទ្រព្យ វិស័យឧស្សាហកម្ម ជាពិសេសវិស័យកសិ-ឧស្សាហកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តជាចម្បង ដូច្នេះជាមួយនឹងសកម្មភាពថ្មីនៃការចូលមកវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនកូរ៉េគឺបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពេលបញ្ចប់វិបត្តិកូវីដ”។
លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ថា នៅពេលដែលមានការវិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់ក្រុមហ៊ុនអន្តរជាតិតែងនាំមកនូវផលល្អសំខាន់ចំនួន៣ព្រមគ្នា ដែលក្នុងនោះរួមមានប្រយោជន៍ជាថវិកាសម្រាប់ជាតិ ចំណេះដឹងផ្នែកបច្ចេកទេស និងការផ្តល់ឱកាសការងារជូនដល់ពលរដ្ឋក្នុងស្រុក។
លោកឧកញ៉ាបានបន្តថា “កូរ៉េក៏ជាប្រទេសមួយក្នុងចំណោមប្រទេសសំខាន់ៗដទៃទៀតដែលបានជួយជ្រោមជ្រែងកម្ពុជាតាមរយៈការវិនិយោគ និងអភិវឌ្ឍន៍គម្រោងធំៗនៅកម្ពុជា ជាក់ស្ដែងយើងឃើញមានដូចជាគម្រោងទីក្រុងរណបកាំកូស៊ីធី គម្រោង ប៊ូយ៉ុងថោន និងគម្រោងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យផ្សេងៗជាច្រើនទៀត ហើយក្នុងនោះក៏មានវិស័យសុខាភិបាល និងវិធនាគារផងដែរ”។
លោកឧកញ៉ាបន្តថា “រាល់ការបណ្តាក់ទុនចូលមកវិនិយោគទាំងអស់ដែលមានកន្លងមក ក៏ដូចជាគម្រោងថ្មីដែលនឹងចូលមកបន្ថែមខាងមុខនេះក៏ព្រោះពួកគេបានសម្លឹងឃើញច្បាស់ពីកត្តាសន្តិសុខផ្នែកនយោបាយ កម្ពុជាមានសន្ដិភាព ជាពិសេសការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ ដែលកាន់តែផ្តល់ឱកាសល្អដល់ការវិនិយោគរបស់ពួកគេ។ ដូច្នេះខ្ញុំគិតថា បន្តិចទៀតកម្ពុជានឹងក្លាយជាគោលដៅវិនិយោគយ៉ាងសំខាន់របស់ក្រុមហ៊ុនអន្តរជាតិ ដែលក្រៅពីកូរ៉េក៏មានបណ្តាក្រុមហ៊ុនមកពីបណ្តាប្រទេសផ្សេងៗទៀតផងដែរ”៕