ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងការវិវឌ្ឍកើនឡើងនូវចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែច្រើនគួរឱ្យព្រួយបារម្ភ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានដាក់ចេញនូវវិធានការ និងផែនការសំខាន់ៗ ដើម្បីធ្វើយ៉ាងណាអាចទប់ស្កាត់ការរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះបានជំរុញ និងដាក់ចេញនូវវិធានការចាំបាច់ និងសំខាន់ៗមួយចំនួន ដូចជា ការរៀបចំមន្ទីរពេទ្យនគរទេព ជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ការរៀបចំឱ្យមានទីតាំងមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងផ្តល់លទ្ធភាព ដល់ពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នៅគ្រប់ទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ការបញ្ជាទិញវ៉ាក់សាំងពីមហាមិត្តចិនបន្ថែមចំនួន១,៥លានដុស ការចេញអនុក្រឹត្យស្ដីពី ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រួមជាមួយនឹងការជំរុញយុទ្ធនាការបន្តការចាក់វ៉ាក់សាំង ដល់ពលរដ្ឋទូទៅក្រោយពេលវ៉ាក់សាំង Sinovac និង Sinopharm បានបញ្ជូនមកដល់កម្ពុជានៅសប្ដាហ៍ក្រោយនេះ។
-ការរៀបចំមន្ទីរពេទ្យនគរទេពជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩
មន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ២៥ ០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អ ដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។
មន្ទីរពេទ្យនគរទេពអាចដាក់គ្រែ សម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗ ដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។ មន្ទីរពេទ្យនេះ ក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ។
-ការរៀបចំឱ្យមានទីតាំងមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងផ្តល់លទ្ធភាពដល់ពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើងទៅនៅ១៤ខណ្ឌនៃរាជធានីភ្នំពេញ
សម្ដេចតេជោ ហ៊ុន សែននាព្រឹកថ្ងៃទី១៩ មិនានេះបានស្នើឲ្យលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាគ្នាអំពីការបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤នៅរាជធានីភ្នំពេញ។
ជាមួយនឹងដំណើរការ នៃការបើកយុទ្ធនាការរយៈពេល១៥ថ្ងៃនេះ សម្ដេចក៏បានស្នើនៅតាមមន្ទីរពេទ្យទាំងអស់ ផ្អាកការចាក់វ៉ាក់សាំង Astra Zeneca នេះដល់អ្នកដែលមានអាយុក្រោម៦០ឆ្នាំជាបណ្តោះអាសន្នសិន ដើម្បីទុកលទ្ធភាពក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ចាប់ពីអាយុចាប់ពី៦០ឆ្នាំឡើង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកទាំងនោះទទួលវ៉ាក់សាំងដុសទី១ហើយ ត្រូវបន្តអនុញ្ញាតឱ្យគាត់ទទួលបានដូសទី២បន្តទៀតផងដែរ ដោយសារវ៉ាក់សាំងមិនអាចចាក់តែ១លើកទេ។
-ការបញ្ជាទិញវ៉ាក់សាំង Sinovac ពីមហាមិត្តចិនចំនួន១,៥លានដុស
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទិញវ៉ាក់សាំងបន្ថែម ពីលើជំនួយពីមហាមិត្តចិនប្រភេទSinovac ចំនួន១,៥លានដុស សម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដោយឥតគិតថ្លៃ ហើយបើមិនមានអ្វីប្រែប្រួលនោះទេ វ៉ាក់សាំងនេះនឹងនាំមកដល់ប្រទេសកម្ពុជានៅត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ក្នុងសប្ដាហ៍ក្រោយនេះ។ ក្រៅពីនេះ នៅមានការនាំយកវ៉ាក់សាំងប្រភេទ Sinopharm ដែលជាជំនួយរបស់មហាមនិត្តចិនចំនួន៤០ម៉ឺនដុសបន្ថែមទៀតផងដែរ។
-ការចេញស្ដីអនុក្រឹត្យស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជំរុញឱ្យមានការចូលរួមអនុវត្តនូវអនាម័យដើម្បីបង្ការខ្លួនពីជំងឺកូវីដ១៩
សម្ដេចតេជោ ហ៊ុន សែន បានទទូចស្នើសុំឱ្យប្រជាជនទាំងអស់ចូលរួមអនុវត្តន៍តាមវិធានការណ៍ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការអនុវត្ត៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំ។
បន្ថែមពីនេះរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្ដីពី ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយមានការពិន័យ និងដាក់ទោសទៅលើជនណាទាំងឡាយណា ដែលមិនអនុវត្តតាមការណែនាំ និងប្រាសចាកពីច្បាប់ដែលបានចែងជាកំហិតផងដែរ៕