ដោយៈសុខុម
អន្តរជាតិៈ អំឡុងពេលអាល្លឺម៉ង់ ជាប្រធានឆ្លាស់វេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ក្រុងព្រុសសែល (ប្រទេសបែលហ្ស៊ិក) បានរឹតបន្តឹងទំនាក់ទំនងជាមួយអាស៊ាន ដោយបានឯកភាពគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ។
បច្ចុប្បន្នសហភាពអឺរ៉ុប កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសជាសមាជិកអាស៊ាន មួយចំនួននិងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងតំបន់ និងតំបន់។
ក្នុងរយៈពេលរាប់ទសវត្សរ៍ចុងក្រោយនេះ អាស៊ាន បានពង្រឹងជំហរនៅកណ្ដាលរបស់ខ្លួនទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ បច្ចុប្បន្នអាស៊ាន មានប្រជាជនសរុបចំនួន៦៥៤លាននាក់ ដែលធ្វើឱ្យតំបន់នេះក្លាយជាទីផ្សារដ៏ទាក់ទាញ សម្រាប់មហាអំណាចពិភពលោកនានា។
ក្នុងរយៈពេល២០ឆ្នាំមកនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់អាស៊ាន បានកើនឡើងពី៦០០ពាន់លានដុល្លារ ដល់៣.០០០ពាន់លានដុល្លារ។ ប្រសិនបើនិន្នាការនេះនៅតែបន្ត កំណើនដ៏ឆាប់រហ័សរបស់វា នឹងបង្កើនអំណាចទិញរបស់អាស៊ាន ដែលនឹងធ្វើឱ្យរំហូរពាណិជ្ជកម្មកើនឡើងយ៉ាងគំហុក។
គិតត្រឹមពេលបច្ចុប្បន្ន ការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងសហភាពអឺរ៉ុប និងអាស៊ាន ក្នុងមួយឆ្នាំៗ មានទំហំរហូតដល់ទៅជាង២០០ពាន់លានដុល្លារ ដែលអាចបញ្ជាក់បានថា នេះជានិន្នាការវិជ្ជមានដ៏រឹងមាំមួយ។
កំណើនសេដ្ឋកិច្ចរបស់អាស៊ាន បានបង្កើនសារៈសំខាន់របស់ខ្លួន ក្នុងនាមជាដៃគូពាណិជ្ជកម្ម ដែលមិនត្រឹមតែសម្រាប់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មហាយក្សចិន និងសហរដ្ឋអាមេរិក ផងដែរ។ ទោះជាយ៉ាងណា អាស៊ានមានសារៈសំខាន់កាន់តែខ្លាំងឡើងក៏ដោយសារភូមិសាស្ត្រនយោបាយផងដែរ។
ភ័ស្តុតាងយ៉ាងច្បាស់ដែលមិនអាចប្រកែកបាន គឺការចុះហត្ថលេខាថ្មីៗនេះលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមពីអាស៊ាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ដោយបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងពិភពលោក។
តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងRCEP អាស៊ានបានពង្រឹងជំហរចរចារបស់ខ្លួន ឆ្ពោះទៅរកអំណាចពិភពលោក ពង្រឹងគោលការណ៍ពហុភាគីនិយមជាសកល ព្រមទាំងសណ្តាប់ធ្នាប់ និងពាណិជ្ជកម្មដែលផ្អែកលើច្បាប់។
នៅរដ្ឋធានីវ៉ាស៊ីនតោន ឯណោះវិញ ការបោះឆ្នោតជ្រើសរើសលោកចូ បៃឌិន ជាប្រធានាធិបតីទំនងជានាំឱ្យមានការពង្រឹង ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដើម្បីប្រឆាំងទប់ទល់ការពង្រីក ឥទ្ធិពលរបស់មហាយក្សចិននៅក្នុងតំបន់។
ប្រសិនបើបែបនោះមែន សហភាពអឺរ៉ុប សុទ្ធតែទទួលបានផលប្រយោជន៍ នៅក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងបង្កើនភាពជាដៃគូផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រជាមួយអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពជាមួយអាស៊ាន។
អំឡុងពេលអាល្លឺម៉ង់ ជាប្រធានឆ្លាស់វេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប សហភាពអឺរ៉ុប បានផ្ដោតលើតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។ នៅខែធ្នូ ឆ្នាំ២០២០ សហភាពអឺរ៉ុប និងអាស៊ាន បានក្លាយជាដៃគូយុទ្ធសាស្រ្តដោយផ្អែកលើគោលការណ៍ពហុភាគីនិយម និងពាណិជ្ជកម្មសេរីដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួន។
លើសពីនេះ យើងមិនអាចបំភ្លេចបានឡើយដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាម បានចូលជាធរមាននាពេលថ្មីៗនេះ ដោយបានលុបចោលការយកពន្ធលើទំនិញស្ទើរតែទាំងអស់ ដែលត្រូវបានជួញដូររវាងភាគីទាំងពីរ។
ប្រធានឆ្លាស់វេនរបស់ព័រទុយហ្គាល់ នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នាពេលបច្ចុប្បន្នក៏កំពុងជំរុញមហិច្ឆតា “អឺរ៉ុប ជាសកល” (Global Europe) ដោយប្តេជ្ញាគោរពតាម “គោលការណ៍ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និងការកំណត់ទីតាំងភូមិសាស្ត្រនយោបាយរបស់សហភាពអឺរ៉ុប ជាដៃគូសហការឈានមុខគេជាសកល”។
អនុលោមតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប ក្រោយព្រមព្រៀងជាគោលការណ៍លើកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយ រវាងសហភាពអឺរ៉ុប-ចិន (CAI) សភាអឺរ៉ុប បានអនុម័ត អំឡុងសម័យប្រជុំពេញអង្គខែមករា នូវសេចក្ដីសម្រេចលើការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ី និងគាំទ្រឱ្យមាន “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពអឺរ៉ុប និងអាស៊ាន”។
គំនិតចង់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងតំបន់រវាងសហភាពអឺរ៉ុប និងអាស៊ាន មិនមែនជារឿងថ្មីឡើយ សម្រាប់គណៈកម្មការសហភាពអឺរ៉ុប ដែលបានចាប់ផ្តើមការចរចាតាំងពីឆ្នាំ២០០៧។
ទោះជាយ៉ាងណា ការចរចាត្រូវបានផ្អាកក្នុងឆ្នាំ២០០៩ ដើម្បីបន្តអនុវត្តយុទ្ធសាស្ត្រ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន។
ដោយផ្អែកលើការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម សហភាពអឺរ៉ុប មានគោលបំណងអភិវឌ្ឍន៍ របៀបវារៈគោលនយោបាយការបរទេសរបស់ខ្លួន ដោយក្លាយជាដៃគូដែលអាចពឹងផ្អែកបាន និងទាក់ទាញសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ហើយប្រើប្រាស់អំណាចដ៏ទន់ភ្លន់របស់ខ្លួន ដើម្បីទទួលបានឥទ្ធិពលនៅក្នុងតំបន់។
ដូច្នេះការជំរុញកិច្ចចរចាពាណិជ្ជកម្ម ជាមួយឥណ្ឌូណេស៊ី និងហ្វីលីពីន នឹងគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ។ ការណ៍នេះ ក៏អាចជួយត្រួសត្រាយផ្លូវ សម្រាប់ការបើកការចរចាជាមួយប្រទេសដទៃទៀតផងដែរ។
នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាក ទាំងសហភាពអឺរ៉ុប និងអាស៊ាន នឹងសុទ្ធតែទទួលបានអត្ថប្រយោជន៍ ពីការកើនឡើងលំហូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាព និងបៃតង ពង្រីកគោលការណ៍ពហុភាគីនិយមផ្អែកលើច្បាប់ ដែលនឹងនាំមកនូវស្ថានភាពឈ្នះឈ្នះដែលគ្រប់គ្នាចង់បានយ៉ាងខ្លាំង៕