មុនឆ្នាំ២០២២ កម្ពុជានឹងទទួលបានអគ្គិសនីអនុភាពរហូតដល់៤៥០មេហ្គាវ៉ាត់សម្រាប់ផ្គត់ផ្គង់នៅទូទាំងប្រទេស

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ អនុវត្តទៅតាមផែនការមេ និងការកៀងគរឱ្យមានការចូលរួមវិនិយោគពីវិស័យឯកជនទៅលើវិស័យថាមពលនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស នៅត្រឹមអំឡុងឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងអាចមានលទ្ធភាពក្នុងការទទួលបានថាមពលអគ្គិសនីដែលមានអនុភាពសរុបមិនតិចជាង៤៥០មេហ្គាវ៉ាត់នោះទេសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ និងចែកចាយទូទាំងប្រទេស។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោកកែវ រតនៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាក្នុងការបង្កើនល្បាយថាមពលកកើតឡើងវិញ ជាថាមពលស្អាត ដែលផលិតចេញពីពន្លឺព្រះអាទិត្យឱ្យមានភាគរយកាន់តែច្រើន មានអនុភាពយ៉ាងតិច៤៥០មេហ្កាវ៉ាត់ មុនដាច់ឆ្នាំ២០២២ ដែលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា ផែនការអនាគតរបស់យើង គឺនឹងមានការដាក់ពង្រាយថាមពលស្អាតឲ្យបានកាន់តែច្រើនក្នុងប្រព័ន្ធបណ្តាញជាតិ។លោកបានបន្តថា ជាមួយគ្នានឹងការព្យាយាមពង្រីកវិសាលភាព និងសមត្ថភាពក្នុងការផលិតថាមពលអគ្គិសនីនេះ ជាលក្ខណៈសង្គម ក៏នឹងបានជួយបង្កើតការងាររាប់រយកន្លែងឲ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាពរកប្រាក់ចំណូលបានជាពិសេសក្នុងស្ថានភាពនៃជំងឺកូវីដ១៩ផងដែរ ហើយនេះគឺជាការចូលរួមចំណែកមួយក្នុងរយៈពេលចំពោះមុខហើយវែងឆ្ងាយ។ ជាក់ស្ដែងដូចជាស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យកម្លាំង៦០មេហ្គាវ៉ាត់ស្ថិតនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលដាក់ឱ្យដំណើរការដោយភ្ជាប់ទៅក្នុងបណ្តាញជាតិ ជាមួយនឹងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០/១១៥គីឡូវ៉ុល តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ប្រវែងប្រមាណ ២០គីឡូម៉ែត្រ តភ្ជាប់ពីស្ថានីយផលិតថាមពលនេះផ្ទាល់។
លោកបញ្ជាក់ថា “ស្ថានីយផលិតថាមពល ៦០មេហ្កាវ៉ាត់ថ្មីនេះ គឺជាផ្នែកមួយនៃផែនការក្នុងចំនួនសរុបប្រមាណ ៤៥០មេហ្កាវ៉ាត់ នៃការផលិតចេញពីពន្លឺព្រះអាទិត្យ ដែលជាថាមពលស្អាត ត្រូវតភ្ជាប់ទៅក្នុងបណ្តាញជាតិនៅក្នុងឆ្នាំ២០២២ ដែលមកដល់ពេលនេះបានដាក់ឲ្យដំណើការប្រមាណជាង ៣២០មេហ្គាវ៉ាត់ រួចហើយ”។

លោកបន្តថា “ថាមពលដើរដោយពន្លឺព្រឹះអាទិត្យ ៦០មេហ្កាវ៉ាត់ថ្មីនេះ មិនត្រឹមតែជួយផ្នែកផលិតថាមពលប៉ុណ្ណោះទេ គឺបានបញ្ជូនប្រភពផ្គត់ផ្គង់ទៅជិតតំបន់ប្រើប្រាស់ ដែលរួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្រជុំជនជុំវិញផងដែរ ដែលអាចបង្កើននិរន្តរភាព និងគុណភាពនៃការផ្គត់ផ្គង់នឹងបានល្អជាងមុន ដែលបច្ចុប្បន្នកំពុងយកប្រភពពីកន្លែងឆ្ងាយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here