ដោយៈសុខុម
ក្រុងឡុងដ៍: ក្រុមហ៊ុនអចលនទ្រព្យ ដែលជួយគាំទ្រដល់ផលិតកម្មភាពយន្ត ហូលីវូដ (Hollywood) ដ៏ល្បីរន្ទឺរបស់សហរដ្ឋអាមេរិក បានប្រកាសថា ពេលនេះខ្លួនកំពុងប្រមូលទុនឱ្យបាន៧០លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកគម្រោងស្ទូឌីយោកុនតម្លៃ ៥០០លានដុល្លាររបស់ខ្លួននៅក្រុងឡុងដ៍ ភាគខាងកើតប្រទេសអង់គ្លេស។ នេះបើយោងតាមគេហទំព័រ Cityam ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៩ មីនា។
ក្រុមហ៊ុន Hackman Capital Partners (HCP) ដែលស្ទូឌីយោរបស់ខ្លួនបានផលិតស្នាដៃខ្សែភាពយន្តជាច្រើន រួមទាំងរឿង Citizen Kane និងរឿង Gone With the Wind ជាដើមខាងលើនេះ បានដំណើរការសាងសង់ស្ទូឌីយោ Eastbrook Studios ជាមជ្ឈមណ្ឌលខ្សែភាពយន្ត និងទូរទស្សន៍ថ្មីមួយរបស់ខ្លួន ដែលគ្រោងនឹងបើកដំណើរការនៅតំបន់ Dagenham ក្នុងទីក្រុងឡុងដ៍។
ថ្នាក់ដឹកនាំក្រុមហ៊ុននេះ បាននិយាយកាលពីម្សិលមិញថា ខ្លួនបានព្រមព្រៀងជាមួយក្រុមប្រឹក្សាមូលដ្ឋាន ដើម្បីជួលឃ្លាំងចំនួន២រយៈពេល១០ឆ្នាំ ហើយនឹងប្រែក្លាយឃ្លាំងទាំងនោះទៅជាស្ទូឌីយោបន្ថែមទៀត។
ការបង្កើនស្ទូឌីយោពីចំនួន១២ ដល់១៨នេះ នឹងធ្វើឱ្យចំនួនសរុបនៃការវិនិយោគលើគម្រោងទាំងមូលឡើង កើនដល់ប្រមាណ៥០០លានដុល្លារអាមេរិក។
តាមការរំពឹងទុក ស្ទូឌីយោទាំងនេះ នឹងបើកនៅទល់មុខស្ទូឌីយោធំ Eastbrook Studios នឹងត្រៀមរួចរាល់សម្រាប់ការថតភាពយន្ត នៅដើមរដូវស្លឹកឈើជ្រុះឆ្នាំនេះ។
គម្រោងពង្រីកបន្ថែម ដែលនឹងក្លាយជាស្ទូឌីយោធំបំផុត នៅទីក្រុងឡុងដ៍ នេះត្រូវបានរំពឹងថានឹងចូលរួមចំណែក ដល់សេដ្ឋកិច្ចក្នុងមូលដ្ឋានយ៉ាងតិច ក៏ប្រមាណ៥០លានដុល្លារដែរក្នុងមួយឆ្នាំៗ ហើយនឹងជួយបង្កើតការងារបានជាង១.៨០០ កន្លែង៕