ដោយៈគង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំយុទ្ធសាស្ត្រស្តីពី ការជំរុញអាជីវកម្មបរិយាប័ន្នកម្ពុជា ដែលគ្រោងនឹងអនុម័តជាផ្លូវការ នៅពេលឆាប់ៗដោយគេរំពឹងថា គំរូអាជីវកម្មបរិយាប័ន្ន នឹងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនក្រីក្រ និងអ្នកមានចំណូលទាបចំនួន១,៧លាននាក់ត្រឹមឆ្នាំ២០២៣។
កិច្ចប្រជុំនេះរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សមាគមអាជីវកម្ម ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន វិនិយោគិន អ្នកសម្របសម្រួល និងជំរុញធុរកិច្ច ពិសេសលេខាធិការដ្ឋានអាស៊ាន ក្នុងគណៈកម្មាធិការសម្របសម្រួលអាស៊ាន ដើម្បីអភិវឌ្ឍន៍សហគ្រាសមីក្រូធុនតូច និងមធ្យម (ACCMSME)។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាននិយាយថា អាជីវកម្មបរិយាប័ន្ន (Inclusive Business IB) គឺជាបណ្តាញអាជីវកម្មប្រកបដោយលក្ខណពិសេស ឈរលើគោលការណ៍បែបពាណិជ្ជកម្ម ហើយពោរពេញដោយភាពច្នៃប្រឌិត នវានុវត្តន៍ និងមានចំណូលគួរឱ្យកត់សម្គាល់។
លោកបន្ថែមថា “អាជីវកម្មបរិយាប័ន្ន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ដំណោះស្រាយលើការផ្តល់ចំណូល និងលើកកម្ពស់ជីវភាព របស់បណ្តាប្រជាជនក្រីក្រ និងអ្នកមានចំណូលទាប ដែលមានលក្ខណៈប្រព័ន្ធ និងចីរភាព”។
លោកចម ប្រសិទ្ឋបានថ្លែងបន្តថា មូលហេតុនេះហើយ បានជាយើងចាំបាច់ត្រូវការជំរុញលើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុនប្រភេទអាជីវកម្មបរិយាប័ន្ន ដើម្បីរួមចំណែកសម្រេចបានទស្សនៈរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។
លោកឱ្យដឹងថា គំនិតក្នុងការជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា (IBeeC)បានផ្តួចផ្តើមអភិវឌ្ឍន៍នៅឆ្នាំ ២០១៩-២០២០។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហេង សុខគង់បានមានប្រសាសន៍ឱ្យដឹងថា យុទ្ធសាស្ត្រនេះផ្តោតជាសំខាន់ចំនួន៩ ចំណុច រួមមាន ការគាំទ្រសម្រាប់ស្ថាប័នជំរុញអាជីវកម្មបរិយាប័ន្ន ការលើកកម្ពស់ការយល់ដឹង ការវាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន ការផ្តល់ការបណ្តុះបណ្តាលជំរុញទៅដល់បណ្តាអាជីវកម្មបរិយាប័ន្នសក្តានុពល និងមូលនិធិកាត់បន្ថយហានិភ័យ ធានាដល់វិនិយោគិនក្នុងការបណ្តាក់ទុនលើអាជីវកម្មបរិយាប័ន្ន។
លោកបន្ថែមថា “យុទ្ធសាស្ត្រនេះ ក៏ផ្តោតទៅលើការផ្តល់ការលើកទឹកចិត្ត ការផ្តល់អាទិភាព ដល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន និងសហគ្រាសសង្គម ក្នុងលទ្ធកម្មសាធារណៈ ការតាមដាន ត្រួតពិនិត្យ និងរាយការណ៍ពីការជះឥទ្ធិពលសង្គម កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីពង្រឹងរបៀបវារៈអាជីវកម្មបរិយាប័ន្ន នៅក្នុងតំបន់”៕