ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្ពានតភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចដាក់ឱ្យដំណើរការជាប ណ្តោះអាសន្ននូវស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលឆ្លងកាត់ទន្លេមេគង្គ ចាប់ពីថ្ងៃនេះតទៅហើយ។
ក្នុងដំណើរចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនៅព្រឹកថ្ងៃទី ២៣ ខែមីនានេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា “ពេលយើងចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះនឹងមានការកកស្ទះ (ឆ្លងស្រឡាង) យើងមិនចង់ឱ្យគាត់ប្រើស្រឡាងទៀតទេ គឺពលរដ្ឋអាចប្រើស្ពាននេះ បានអ៊ីចឹងសម្តេចតេជោលោកបានឯកភាពថា ឱ្យបើកស្ពាននេះ ធ្វើដំណើរបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ”។
លោកឱ្យដឹងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននេះ នៅពេលវេលាសមស្របណាមួយ។
បើតាមលោក ស៊ុន ចាន់ថុល តាមគម្រោងស្ពាននេះត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ ២០២១ ប៉ុន្តែក្រុមហ៊ុនបានពន្លឿនការសាងសង់ បានបញ្ចប់មុនកាលកំណត់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប១១៣១ ម៉ែត្រ និងទទឹង១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងអាមេ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១ខែ ធ្នូ ឆ្នាំ ២០១៧៕