ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ ខណៈដែលគម្រោងសាងសង់ព្រលានយន្ដហោះ ខ្នាតតំបន់ខេត្តមណ្ឌគីរី កំពុងត្រូវបានក្រុមហ៊ុនជំនាញចិនពន្លឿនការសិក្សាលម្អិត និងឈានទៅរកការចាប់ផ្តើមបង្កើតម្លង់មេនៃគម្រោងនៅគេសង្កេតឃើញថា សកម្មភាពនៃការទិញលក់ដីធ្លីនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងមានភាពមមាញឹក ហើយក្នុងនោះក៏មានករណីបំពានដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ គណៈកម្មការខេត្តមណ្ឌលគិរីក្រោមការវត្តមានរបស់លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគីរីបានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដី ដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំអូររាំង ស្រុកសែនមនោរម្យ ក្រុងសែនមនោរម្យ ពីជនខិលខូចប្រគល់ជូនក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌីគ្រប់គ្រងវិញ។
លោកជាក់ ម៉េងហ៊ាង បានលើកឡើងថា ទីតាំងដីដែលបានដកហូតពីការកាន់កាប់ដោយខុសច្បាប់តាមដីកាលេខ ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលមានទំហំជាង៤៧២ហិកតា របស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោកអភិបាលរងខេត្តបានឲ្យដឹងទៀតថា បន្ទាប់ពីមានគោលការណ៍ណែនាំពីលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្រុមការងារចម្រុះមួយ ត្រូវបានបង្កើតឡើងដើម្បីចុះស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់សកម្មភាព បំពានរំលោភយកដីសម្ការស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុនហួលីង។
លោកបន្តថា បន្ទាប់ពីក្រុមការងារចម្រុះបានចុះផ្ទៀងផ្ទាត់ និងពិនិត្យជាក់ស្តែង ក៏បានរកឃើញមានដីធ្លីមួយចំនួន មានការចូលទៅគ្រប់គ្រងដោយខុសច្បាប់ ហើយដីខ្លះទៀត ជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលត្រូវកាត់ជ្វៀល ជូនពួកគាត់ ដើម្បីបញ្ចប់វិវាទដីធ្លីដែលកើតកាលកន្លងទៅ។
ដោយឡែកនៅក្នុងកិច្ចសន្យា ប្រគល់ដីចំនួន៤៧២ហិកតា ដែលរដ្ឋបាលខេត្តបានដកហូតពីការកាន់កាប់ដោយខុសច្បាប់ តាមដីកាលេខ០០៧/១៩ ដក .បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង រវាងក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី ជាមួយ និងគណៈកម្មការខេត្ត បានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃក្បាលដីដល់ទីតាំងជាក់ស្តែង តាមខ្លឹមសារនៃដីកាដកហូតលេខ០០៧/១៩ ដោយអញ្ជើញក្រុមហ៊ុនចូលរួម ដែលមានលោកចាន់ ប៊ុនថុល តំណាងឲ្យក្រុមហ៊ុន អ៊ូជីសាន។
ក្នុងកិច្ចសន្យាដដែលនេះ តំណាងក្រុមហ៊ុនបានសន្យាចំពោះមុខគណៈកម្មការ និងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនដល់ទីតាំងជាក់ស្តែង និងបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនទទួលយកផ្ទៃដី ដែលបានចែងតាមខ្លឹមសារនៃការដកហូតខាងលើ មានទំហំផ្ទៃដីចំនួន៤៧២ហិកតា ដើម្បីថែរក្សាការពារ និងគោរពលក្ខខណ្ឌដូចជា ក្រុមហ៊ុនត្រូវធ្វើការកាយប្រឡាយក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី៤៧២ហិកតា លើកស្លាកប៉ាណូផ្សព្វផ្សាយពីព្រំដីបរិវេណដែលបានដកហូត ដកបង្គោលរបងជាវត្ថុតាងល្មើសទាំងអស់ ដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើអូររាំង។
មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនត្រូវទទួលខុសត្រូវ និងម្ចាស់ស្វ័យការពារផ្ទៃដី ដែលខ្លួនបានទទួលទាំងអស់៤៧២ហិកតា ជាពិសេស ពេលចុះអនុវត្តដកបង្គោលរបងចាស់ ដាំបង្គោលថ្មី និងកាយព្រំប្រឡាយ ក្រុមហ៊ុនត្រូវធ្វើលិខិតស្នើសុំសមត្ថកិច្ចសហការជៀសវាងមានបញ្ហានានាកើតឡើង៕